(រាជធានីភ្នំពេញ) នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីរួមគ្នាជាមួយ លោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា សម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។
“អគារមិត្តភាពកម្ពុជា-កូរ៉េ” ត្រូវបានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៧កន្លងទៅ។ អគារនេះមានកម្ពស់ ៣ជាន់ បណ្តោយ ៦៣ម៉ែត្រ ទទឹង ២៦ម៉ែត្រ ដែលបំពាក់ដោយជណ្តើរយន្តទំនើប។ “អគារមិត្តភាពកម្ពុជា-កូរ៉េ” នេះទាំងការបំពាក់គ្រឿងសង្ហារឹម និងសំភារៈបរិក្ខារពេទ្យថ្មីៗទៀត ការកែលម្អឡើងវិញនេះ ចំណាយថវិកាសរុបប្រមាណ ៧,២៨០,០០០ ដុល្លារអាមេរិក។ អគារដែលកែលម្អសារជាថ្មីនេះអាចបម្រើសេវាដូចជា:- ពិគ្រោះជំងឺទូទៅ និងឯកទេស, សង្គ្រោះបន្ទាន់, ឱសថស្ថាន, វិទ្យុនិងអេកូសាស្ត្រ, ព្យាបាលជំងឺធ្ងន់ធ្ងរ, ព្យាបាលជំងឺទារក, ព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ជំងឺក្រពេញនិងជំងឺតម្រងនោម, ព្យាបាលជំងឺលោហិតវិទ្យា និងជំងឺមហារីក។ អគារនេះក៏មានសេវាផ្នែកមន្ទីរពិសោធន៍ទំនើប និងព្យាបាលជំងឺគ្រុនឈាម និងជំងឺឆ្លងផងដែរ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ “អគារមិត្តភាពកម្ពុជា-កូរ៉េ” ដែលទើបកែលំអរថ្មី នៅមន្ទីរពេទ្យកុមារជាតិនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះ “អគារមិត្តភាពកម្ពុជា-កូរ៉េ” នេះ សម្តេចតេជោបានអញ្ជើញមកចូលរួមដាក់សម្ពោធជាលើកទី២ហើយ ដែលលើកទី១គឺសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២២ មករាឆ្នាំ២០០៧ ក៏ប៉ុន្តែដោយអគារនេះមានសភាពចាស់ទ្រុតទ្រោមក៏ខាងភាគីកូរ៉េបានផ្តល់នូវការជួសជុលកែលម្អឡើងវិញដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ។ ការសម្ពោធអគារនេះក៏ជាការចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អជាមួយគ្នាគឺចាប់ផ្តើមពីឆ្នាំ ១៩៩៦ មក។ តាមរយៈទំនាក់ទំនងនេះក៏បានពង្រឹង នូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកជាច្រើនផងដែរដើម្បីបម្រើនូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីកូរ៉េដែលកន្លងមកតែងតែបានផ្តល់នូវជំនួយផ្សេងៗដល់កម្ពុជាលើកផ្នែកមួយចំនួនដូចជា ផ្នែកធនធានមនុស្ស ផ្នែកសុខាភិបាល ការកសាងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រជាដើមហើយនៅពេលខាងមុខនេះ សម្តេចតេជោ ចង់ឃើញមានការកសាង ស្ពានឆ្លងទន្លេមួយខ្សែដែលជាចំណងនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-កូរ៉េ ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរទៅចំពោះ ស្ថានភាពល្អនៅឧបទ្វីបកូរ៉េដែលតាមរយៈជំនួបរវាងមេដឹកនាំកូរ៉េទាំង២កាលពីពេលថ្មីៗកន្លងមកនេះ។ ទន្ទឹមនិងនេះដែរ សម្តេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រទេសកូរ៉េដែលបានផ្តល់នូវជំនួយឥតសំណងក្នុងការជួយជួសជុលឡើងវិញនូវអគារមិត្តភាពកម្ពុជា-កូរ៉េនេះ។ អគារនេះនឹងបានចូលរួមចំណែកបម្រើវិស័យសុខាភិបាលក្នុងមន្ទីពេទ្យកុមារជាតិនេះ ហើយសម្តេចតេជោក៏សូមជំរុញឲ្យបុគ្គលិកពេទ្យទាំងអស់ត្រូវបង្កើនសមត្ថភាព និងការយកចិត្តទុកដាក់ ចំពោះអ្នកជំងឺគ្រប់ប្រភេទជាពិសេសត្រូវគោរពក្រមសីលធម៌វិជ្ជជីវៈពេទ្យអោយបានត្រឹមត្រូវ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ទោះបីមន្ទីរពេទ្យមានបរិក្ខាទំនើប តែមនុស្សអត់ទំនើបគឺនៅតែប៉ុណ្ណឹងដដែល។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីទៀតចំពោះសិស្សដែលជាប់បាក់ឌុប ហើយចង់ប្រឡងចូលខាងផ្នែកវេជ្ជសាស្ត្រ គឺអាចដាក់ប្រលងចូលរៀនបានគ្រប់និទន្ទេសទាំងអស់ មិនចាំបាច់បាននិទ្ទេស A, B ឬ C នោះទេ។ ប៉ុន្តែសម្រាប់ការសំណូមពរឲ្យមានការបន្ធូរបន្ថយវិញ្ញាសារ ប្រឡងវិញនោះ គឺមិនអាចទៅរួចនោះទេ សំខាន់លើសមត្ថភាពពិតប្រាកដ ចេះទើបជាប់។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលកូរ៉េដែលបាន ចូលរួមចំណែកក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សិរយយសជូនដល់មន្ត្រីសុខាភិបាលមានស្នាដៃល្អ រួមទាំងដៃគូជាតិ និងអន្តរជាតិដែលបានរួមចំណែកក្នុងការកសាងអគារមន្ទីពេទ្យមិត្តភាពកម្ពុជា-កូរ៉េនេះ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន និង លោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែរបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវ“អគារមិត្តភាពកម្ពុជា-កូរ៉េ” ក្នុងមន្ទីពេទ្យកុមារជាតិនេះចាប់ពីពេលនេះតទៅ៕ ប្រភពផេកសម្តេចតេជោ