ភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗនេះ ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពីធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីសិរីសោភ័ណ ទៅបាត់ដំបង មានប្រវែង៦៥គីឡូម៉ែត្រ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង តំណាងក្រុមហ៊ុន Royal Railway ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។
ថ្លែងនៅក្នុងពិធីនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ដោយសារប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកំណាត់ផ្លូវរថភ្លើងមួយខ្សែនេះ ត្រូវបានដាក់ឱ្យដំណើរការ ជាបណ្តោះអាសន្នជាថ្មីម្តងទៀត បន្ទាប់ពីការកាត់ផ្តាច់ ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ ហើយគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការពីភ្នំពេញ-ប៉ោយប៉ែត នៅត្រឹមចុងឆ្នាំ២០១៨ ប្រវែង៣៨៦គីឡូម៉ែត្រ។
ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានភូមិស្ថាន នៅអមសងខាងផ្លូវរថភ្លើងនេះ បន្តសហការ ដើម្បីឱ្យគម្រោងនេះ អាចសម្រេចបានជោគជ័យ ជាស្ថាពរ និងជួយថែរក្សាសម្បត្តិដ៏មហាសាលនេះ ឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងប្រុងប្រយ័ត្ន ចំពោះកូនចៅ ក៏ដូចជាសត្វពាហនៈ ដែលឆ្លងកាត់លើផ្លូវដែក ដើម្បីជៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។