ខេត្តកណ្តាល៖ កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ មានហេតុការណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបុរសម្នាក់អង្គុយស្លាប់ នៅក្នុងហាងកាហ្វេមួយកន្លែង យីហោ (ហេងសំណាង ) បន្ទាប់ពីបុរសរូបនោះ ហូបបាយមួយប្រអប់ រួចបានផឹកកាហ្វេអស់១កែវ ។
បើយោងតាមសម្តី ម្ចាស់ហាងកាហ្វេ បានឲ្យដឹងថា៖ កាលពីវេលាម៉ោង២រសៀល ជនរងគ្រោះបានចូលមកហាងកាហ្វេរបស់គាត់ ដោយបានទិញបាយ១ប្រអប់ពីខាងក្រៅ យកមកអង្គុយហូបនៅក្នុងហាង នៅលើតុដែលគាត់អង្គុយ។
បន្ទាប់ពីហូបបាយរួច គាត់ក៏បានហៅកាហ្វេ១កែវ យកមកហូបបណ្តើរ រួចអង្គុយមើលវីដេអូបណ្តើរ រហូតដល់ម៉ោងប្រហែល៩យប់ ថ្ងៃដដែល គាត់ក៏បានរៀបចំតុកៅអី ដើម្បីបិទទ្វារហាង តែចម្លែកព្រោះឃើញបុរសរងគ្រោះ ដេកលក់នៅលើកៅអី បន្ទាប់ពីឃើញជនរងគ្រោះ ដេកលក់នៅលើកៅអី ដែលគាត់អង្គុយតាំងពីថ្ងៃនោះ ម្ចាស់ហាងក៏បានដើរទៅដាស់ជនរងគ្រោះ តែគាត់មិនព្រមភ្ញាក់សោះ ទើបហៅគ្នាមកជួយដាស់ នៅតែមិនព្រមភ្ញាក់ទៀត ក៏មានការសង្ស័យ បានរត់ទៅប្តឹងប៉ូលិស ឲ្យចុះមកពិនិត្យមើល ហើយស្រាប់តែប៉ូលិសបានប្រាប់ថា បុរសខាងលើបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកក៏បាននាំគ្នា ឆែកមើលកាម៉េរ៉ាសុវត្ថិភាព ក៏បានឃើញជនរងគ្រោះមានកាយវិការ ហាក់ដូចជាត្រដខ្យល់ ហើយបានដាច់ខ្យល់ស្លាប់ តាំងពីម៉ោង៣និង៩នាទី មកម្ល៉េះ ។
បុរសដែលស្លាប់នោះ មានឈ្មោះ ឆឹង សុខុម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាគ្រូបង្រៀនសាលា បឋមសិក្សា ហ.ស ស្ពងវែង នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើយោងតាមសមត្ថកិច្ចនគរបាលជំនាញ និងផ្នែកពិនិត្យវិភាគកោសល្យវិច្ច័យ នៅកន្លែងកើតហេតុ ព្រមទាំងលោកគ្រូពេទ្យផងដែរនោះ បានសន្និដ្ឋានថា នៅលើដងខ្លួនសាកសព មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយគាត់ពិតជាបានស្លាប់ ដោយសារតែគាំងបេះដូង ពិតប្រាកដមែន។
ហើយសាកសពក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕