រាជធានីភ្នំពេញ៖ ប្រភពបានបញ្ជាក់ថារហូតមកដល់ម៉ោង១១ព្រឹក នាព្រឹកថ្ងៃសៅរ៍ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះ ស្នងការរងខេត្តតាកែវ លោក ឡាយ ណារិទ្ធ និងជនសង្ស័យ៥នាក់ ជាមន្ត្រីនគរបាលខេត្តតាកែវ ក្នុងចំណោម៨នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ត្រីរូបស្រស់ម្នាក់ នៅក្រុងដូនកែវ ខេត្តតាកែវ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីបន្ទាប់ពីបញ្ចប់ការសួរនាំ។
មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨នេះថា នៅព្រឹកនេះកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនជនសង្ស័យ៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យទាំង៥នាក់នេះ គឺស្ថិតក្នុងចំណោម៨នាក់ ដែលត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីសួរនាំករណីស្ត្រីរូបស្រស់ម្នាក់ស្លាប់ នៅក្រុងដូនកែវ ខេត្តតាកែវ កាលពីចុងខែមករា ឆ្នាំ២០១៨ បន្ទាប់ពីករណីស្លាប់នេះ មានហេតុផលមិនសមរម្យមួយចំនួន។
ករណីស្ដ្រីរូបស្រស់ វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ មិនមែនជាអំពើអត្តឃាត គឺវាជាអំពើឃាតកម្ម។ មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់ថា ករណីនេះ មន្ត្រីនគរបាលចំនួន៨នាក់ បានសារភាព។
សូមបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា មានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨៕
ប្រភព៖ FB