សៀមរាប ៖ នៅចន្លោះពីម៉ោង៥ ទៅម៉ោង៧ព្រឹកថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តជាថ្មីម្តងទៀត ដែលបាតុភូតមានកើតឡើងលើទឹកដីអង្គរក្នុង១ឆ្នាំចំនួន២លើក។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៣ មីនា ២០១៨ បានបញ្ជាក់ថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជា កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា។ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះ ស្តែងឲ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរដែលត្រូវបានបុព្វបុរសខ្មែរ យើងកសាងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិយ៉ាងច្បាស់លាស់គួរឲ្យស្ញប់ស្ញែង។ នៅឆ្នាំនេះ បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តកម្ពុជាអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ទី២២ខែមីនាឆ្នាំ២០១៨ ចម្លោះម៉ោង៥ដល់ម៉ោង៧ព្រឹក។ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ តែងតែមានការចូលរួមពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមករង់ចាំទស្សនា និងផ្តិតយករូបភាពរាប់ម៉ឺននាក់។
ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ក្រសួងទេសចរណ៍នឹងរៀបចំការប្រកួតប្រជែងថតរូបស៊ែលហ្វី (Equinox Angkor Selfie Photo contest) លើកទីបី ក្រោមប្រធានបទ ៖ “Selfie អង្គរអច្ឆរិយៈ” ដែលអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃ២២ ខែមីនា ឆ្នាំ២០១៨ចន្លោះម៉ោង ៥ ដល់ម៉ោង ៧ព្រឹក ដោយជ្រើសរើសរូបថតដែលមានអ្នកគាំទ្រច្រើនជាងគេពីលេខ១ ដល់លេខ៣ ដើម្បីទទួលបានលិខិតសរសើរចេញដោយក្រសួងទេសចរណ៍ និងរង្វាន់លើកទឹកចិត្តលេខ១ ចំនួន១លានរៀល លេខ២ ចំនួន៨០ម៉ឺនរៀល និងលេខ៣ ចំនួន៥០ម៉ឺនរៀល។
ក្រសួងបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជន ទស្សនា និងផ្តិតយករូបភាពក៏មហស្ចារ្យនេះ ព្រមទាំងជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឲ្យបានទូលំទូលាយដើម្បីចូលរួមដល់យុទ្ធនាការ “កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាគកក់ក្តៅ”៕
ដោយ៖បញ្ញាស័ក្តិ
ប្រភព៖Cambodia Express News