HANOI/ABOARD AIR FORCE ONE (Reuters):មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន បានមកដល់ប្រទេសវៀតណាម កាលពីថ្ងៃអង្គារហើយ តាមការធ្វើដំណើរចេញពីរដ្ឋធានីកូរ៉េខាងជើង តាមរថភ្លើងបានមកដល់ស្ថានីយ៍ក្នុងទីក្រុងដុងដាងប្រទេសវៀតណាម បន្ទាប់ពីឆ្លងកាត់ព្រំដែនពីប្រទេសចិន។ម្យ៉ាងទៀត បងស្រីរបស់ Kim គឺ Kim Yo Jong ដែលបានក្លាយជាអ្នកជំនួយការ ដ៏សំខាន់ម្នាក់ក៏បានមកដល់ជាមួយគាត់ដែរ។
ហើយនេះគឺជាកិច្ចប្រជុំកំពូលជាលើកទីពីរ ជាមួយប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ខណៈដែលពួកគេ នឹងព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយ ស្តីពីការសន្យារបស់កូរ៉េខាងជើង ឱ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនចោល។
លោក Trump និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នឹងមកដល់ទីក្រុងហាណូយនៅល្ងាចថ្ងៃអង្គារនេះផងដែរ ហើយគាត់គឺជាបេសកជនកំពូលរបស់លោក Trump ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីកែលម្អចំណងទាក់ទងជាមួយកូរ៉េខាងជើង និងបានធ្វើដំណើរជាច្រើនទៅទីក្រុងព្យុងយ៉ាងដើម្បីចរចាបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
យោងតាមអ្នកនាំពាក្យសេតវិមានលោកស្រី Sarah Sanders បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសចរណ៍អាវុធ One ថាTrump និង Kim នឹងជួបគ្នាសម្រាប់ការសន្ទនាគ្នាមួយទល់នឹងមួយនៅល្ងាចថ្ងៃពុធបន្ទាប់ពីអាហារពេលល្ងាច។ ក្នុងនោះដែរ ពួកគេនឹងត្រូវបានអមដំណើរដោយភ្ញៀវពីរនាក់និងអ្នកបកប្រែ។លោកស្រីបានបន្ថែមថា មេដឹកនាំទាំងពីរនឹងជួបគ្នាម្ដងទៀតនៅថ្ងៃព្រហស្បតិ៍។
គួររំលឹកដែរថា កិច្ចចរចារបស់ពួកគេមានរយៈពេល 8 ខែហើយបន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់ពួកគេនៅសិង្ហបុរី ជាលើកដំបូងរវាងប្រធានាធិបតីសហរដ្ឋអាមេរិកដែលអង្គុយទល់មុខនិងមេដឹកនាំកូរ៉េខាងជើង៕ចាន់ រី
ប្រភព៖ ដើមរាំង-Dermrang