យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងផាងកាល ភីណាង (Pangkal Pinang), នៃកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃចង្កោម កោះស៊ូម៉ាត្រាជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមាន មនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត។យន្តហោះរបស់អាកាសចរណ៍ក្នុងស្រុកខាងលើនេះ បានធ្លាក់នៅត្រង់ចំណុចដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេសឥណ្ឌូណេស៊ី។បើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
ប៉ុន្តែមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីជោគវាសនានៃមនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ រីឯក្រុមគ្រួសារសាច់ញាតិរបស់ពួកគេកំពង់ទន្ទឹមរង់ចំាព័ត៌មានបន្ថែមទាំងទឹកភ្នែក ហើយមូលហេតុធ្លាក់ក៏មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយដែរ។
ដោយឡែក ប្រធានទីភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៊ី លោក មូហាំម៉េដ ស៊ីយ៉ជី (Muhammad Syaugi) បានឱ្យដឹងដែរថា ក្រុមអ្នកជួយសង្រ្គោះបាន ទៅដល់ទីតាំងធ្លាក់របស់យន្ដហោះ Boeing 737 MAX 8 នៃក្រុមហ៊ុន Lion Air និងកំពុងធ្វើប្រតិបត្តិការមុជទៅក្នុងទឹកសមុទ្រ ដើម្បីតាមរកយន្ដហោះមួយនេះ ព្រមទាំងអ្នកដំណើរទាំងអស់។លោក Syaugi បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រុមអ្នកជួយសង្រ្គោះ ១៣០នាក់ និង ៣០នាក់ផ្សេងទៀតមកពីអង្គភាពដទៃ រួមជាមួយនាវាបីគ្រឿង ឧទ្ធម្ភាគចក្រមួយគ្រឿង និងទូកសង្គ្រោះជាច្រើន គ្រឿង ត្រូវបានបញ្ជូនទៅកាន់ទីតាំងដែលគេជឿជាក់ថា យន្ដហោះ Boeing 737 MAX 8 បានធ្លាក់…»។ លោកបន្ថែមថា បេសកកម្មសំខាន់មួយនៅពេលនេះ គឺធ្វើយ៉ាងណារកយន្ដហោះនេះឱ្យឃើញ ខណៈក្រុមអ្នកមុជទឹកត្រូវមុជទឹកក្នុងជម្រៅពី ៣០ ទៅ ៣៥ម៉ែត្រ។
គួរបញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air បានហោះចេញពីអាកាសយានដ្ឋានទីក្រុងហ្សាការតា នៅម៉ោង ៦៖២០នាទីព្រឹកថ្ងៃចន្ទនេះ ហើយគ្រោងនឹងទៅដល់អកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុង Pangkal Pinang ដោយប្រើពេល១ម៉ោង។ ក៏ប៉ុន្តែ យន្ដហោះនេះស្រាប់តែបានបាត់ចេញពីរ៉ាដា និងត្រូវបានគេទទួលស្គាល់ថា បានធ្លាក់ក្រោយហោះឡើងបានតែ ១៣នាទីប៉ុណ្ណោះ៕បើយោងតាមការបង្ហោះពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា: Linda Wulandari បានបង្ហោះរូបភាពនឹង Video ដែលខណ:ពេលយន្ដហោះកំពុងធ្លាក់។
ហេតុការធ្លាក់យន្ដហោះ Boeing 737 MAX 8 នេះមានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានគោលដៅ ធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang), នៃកោះ Bangka Belitung នៃចង្កោម កោះស៊ូម៉ាត្រា ជាមួយអ្នកដំណើរ និងក្រុមពីឡុត ១៨៩នាក់ ក្នុងនោះមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក ០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត៕ ប្រភពCNN
សូមទស្សនាវីដេអូខាងក្រោម៖