(អន្តរជាតិ) សីតុណ្ហភាពខ្ពស់លើសពី៤០អង្សាសេបានបង្កើតឱ្យមានរលកកំដៅ ហាក់បីដូចជាចង់ដុតកម្លោចប្រទេសព័រទុយហ្គាល់ ក៏ដូចជាបណ្តាប្រទេស ជាច្រើនទៀតក្នុងតំបន់អឺរ៉ុប។ ជាមួយនឹងសីតុណ្ហភាពបច្ចុប្បន្ននេះ គឺជាលើកទីពីរសម្រាប់ប្រទេសព័រទុយហ្គាល់ដែលមានសីតុណ្ហភាពឡើងក្តៅខ្ពស់ខ្លាំងបំផុតមិនធ្លាប់មាន បើគិតចាប់តាំងពីឆ្នាំ ២០០៣ ដែលសីតុណ្ហភាពបានឡើងដល់កម្រិត៤៧,៤អង្សាសេ។
ពលរដ្ឋព័រទុយហ្គាល់ដែលរស់នៅកណ្តាលទីក្រុង Cambra ភាគច្រើននាំគ្នាសម្ងំក្នុងផ្ទះរបស់ពួកគេនាពេលរសៀលក្តៅថ្ងៃ។
សេវាសង្គ្រោះបន្ទាន់បានចេញសេចក្តីព្រមានពណ៌ក្រហមមួយកាលពីថ្ងៃចន្ទ័ ហើយសេវាបន្ទាន់ជាច្រើននៅក្នុងប្រទេសនេះ ដូចជា បុគ្គលិកសុខាភិបាល, ប៉ូលីសនិងអ្នកពន្លត់អគ្គីភ័យត្រូវបានដាក់ឱ្យប្រចាំការដើម្បីត្រៀមសម្រាប់ហេតុបន្ទាន់ណាមួយដែលបណ្តាលមកពីអាកាសធាតុក្តៅបែបនេះ៕
អ្នកភូមិម្នាក់ឈ្មោះ Juana បាននិយាយថា «វាក្តៅ ពិតជាក្តៅណាស់ សីតុណ្ហភាពគឺ៤២ អង្សាសេ យើងមានអារម្មណ៍ថា រលកកំដៅគឺនៅលើផ្លូវ។»
សូមរំលឹកថា នៅឆ្នាំ២០១៧ ដោយសារតែវអាកាសធាតុក្តៅខ្លាំង បានបណ្តាលឱ្យមានភ្លើងឆេះព្រៃនៅជិតទីក្រុង។ ហើយនៅឆ្នាំនេះ ខណៈដែលអាកាសធាតុរឹតតែក្តៅខ្លាំងជាងឆ្នាំមុននោះ មានការព្រួយបារម្ភខ្ពស់អំពីករណីភ្លើងឆេះអាចកើតមានច្រើន។
ដោយឡែកពលរដ្ឋក្នុងស្រុកម្នាក់ឈ្មោះ Carolina បាននិយាយថា «អាកាសធាតុពិតជាក្តៅជាងឆ្នាំមុន ដែលកាលពីពេលនោះ រលកកំដៅនិងខ្យល់បក់ខ្លាំង បានធ្វើឱ្យកើតមានភ្លើងឆេះព្រៃ ហើយតំបន់ដែលរងការវាយប្រហារដោយភ្លើងឆេះកាលពីឆ្នាំមុន គឺនៅជិតនឹងទីនេះ ហើយដើមឈើទាំងអស់ ក៏ធ្លាបបានឆាបឆេះដែរ»។ ប្រភពCNC