ដែកខួងជាង១០០កំពុង «បុកទម្លុះ» ភ្នំ ខ្លះចូលដល់ជម្រៅជាង ៤០០ ម៉ែត្រហើយ ដោយទំនង«ទៅដល់»ក្មេងទាំង១២ និងគ្រូម្នាក់ដែលជាប់នៅក្នុងរូងភ្នំ។ ប្រធានក្រុមបេសកកម្មសង្គ្រោះ និយាយនៅថ្ងៃសៅរ៍នេះថា ដែកខួងជាង ១០០ កំពុងត្រូវបានខួងចូលទៅក្នុងផ្នែកភ្នំហើយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ក្រុមក្មេងៗបាល់ទាត់ថៃទាំងគ្រូនិងសិស្ស១៣នាក់ ដែលកំពុងជាប់គាំងនៅរូងដ៏ស្មុគ្រស្មាញខាងក្រោម ។ គាត់ក៏បានបញ្ជាក់ថា «ការទាញយក» ពួកគេ ប្រហែលអាចធ្វើទៅបានក្នុងរង្វង់ «១ថ្ងៃ ឬ ២ថ្ងៃ» ។
កិច្ចខំប្រឹងប្រែសង្គ្រោះដែលពុំធ្លាប់មានពីមុនមកនេះ កំពុងព្យាយាមបង្កើតនូវវិធីថ្មីៗ ដើម្បីទាញយកក្មេងៗរងគ្រោះទាំងនោះចេញតាមផ្នែកខាងលើ ប្រសិនបើនៅតាមបន្ទប់ៗក្រោមដីនៅតែជន់លិច ហើយវាត្រូវបានចាត់ទុកថាជាការប្រឈមគ្រោះថ្នាក់បំផុត ក្នុងការជម្លៀសពួកគេតាមរយៈផ្លូវឆ្លងកាត់លិចទឹក ។
លោក Narongsak Osottanakorn បានប្រាប់អ្នកសារព័ត៌មានថា៖ «ដែកខួងខ្លះ គឺមានជម្រៅរហូតដល់ ៤០០ ម៉ែត្រ… ប៉ុន្តែ ពួកគេនៅតែពុំអាចស្វែងរកទីតាំងរបស់ក្មេងៗទាំងនោះនៅឡើយ» ។ លោកបន្ថែមថា៖ «បេសកកម្មនេះខ្វះបច្ចេកវិទ្យា ក្នុងការកំណត់ទីកន្លែងដែលពួកគេកំពុងស្នាក់នៅ ។ យើងបានប៉ាន់ស្មានថា (ពួក) គឺស្ថិតនៅក្រោមនេះ ៦០០ ម៉ែត្រ ប៉ុន្តែ យើងមិនដឹងគោលដៅច្បាស់ទេ» ។
ឆ្លើយទៅនឹងសំណួរថា ទាក់ទងនឹងការធ្លាក់ចុះកម្រិតអុកស៊ីហ្សែនក្នុងរូង គាត់និយាយថា ក្រុមសង្គ្រោះបានគ្រប់គ្រងបង្កើតខ្សែមួយ ដើម្បីបូមយកខ្យល់អាកាស ហើយក៏បានដកកម្មករដែលមិនសំខាន់ ចេញពីក្នុងរូង ៣ -ទីកន្លែងមូលដ្ឋានសង្រោះ ដើម្បីរក្សាកម្រិតអុកស៊ីហ្សែននៅក្នុងរូង ៕