ចំនួន​អ្នក​ស្លាប់​​នៅ​ក្នុង​ហេតុការណ៍​លិច​​ទូក​នៅ​ថៃ​បាន​កើន​​ឡើង​​ដល់​ ៤២ នាក់​ និង​ ១៤ នាក់​ផ្សេង​ទៀត​នៅ​បន្ត​បាត់​ខ្លួន​

0
323

​​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៤២ នាក់​ត្រូវ​បាន​គេ​អះអាង​ថា​បាន​ស្លាប់ ​និង ១៤ នាក់​ទៀត​នៅ​បន្ត​​បាត់​ខ្លួន​​មិន​ទាន់​រក​ឃើញ​ បន្ទាប់​ពីទូក​ពីរ​បាន​លិច​នៅ​ក្នុង​ព្យុះ​មួយ​នៅ​ភាគ​ខាង​ត្បូង​កោះ​ភូកេត​ប្រទេស​ថៃ។ នេះ​បើ​តាម​សម្ដី​លើក​ឡើង​របស់​មន្ត្រី​ថៃ​ដែល​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​សៅរ៍​។​ អភិបាល​ខេត្ត​​ភូកេត​លោក Norraphat Plodthong បាន​ប្រាប់​ភ្នាក់​ងារ​ពត៌មាន​ស៊ី​នហួរ(Xinhua)​របស់​ចិន​ថា​អាជ្ញាធរ​ថៃ​បាន​រក​ឃើញ​សាកសព​ចំនួន ៥ នាក់​នៅ​ក្នុង​ទូក​ដែល​មាន​ឈ្មោះ​ “Phoenix” ដែល​បាន​លិច​ទៅ​​​ក្នុង​ទឹក​នៅ​រយៈ​កម្ពស់​​ ៣០ ទៅ ៤០ ម៉ែត្រ​​ ​ហើយ​ពួក​គេ​រួម​ជា​មួយ​ក្រុម​​អ្នក​ជួយ​សង្គ្រោះ​​របស់​ចិន​ពីរ​នាក់​បាន​រក​ឃើញ​​សាក​​សព​បី​នាក់​បន្ថែម​​ទៀត​នៅ​ក្នុង​ទូក​ដដែល​កាល​ពីរ​សៀល​ថ្ងៃ​សៅរ៍។

ហើយ​​ក្រោយ​មក​អភិបាល​​​ខេត្ត​​ភូកេត​​​​​​បាន​​​បញ្ជាក់​​ថា​តាម​ពិត​អ្នក​មុជ​ទឹក​បាន​រក​ឃើញ​សាកសព​​ដល់​ទៅ​ ៩ នាក់​ឯណោះ​ ​ប៉ុន្តែ​វា​​មាន​ការ​ពិបាក​ក្នុង​ការ​​យក​សាក​សព​ទី​ ៩ ចេញ​មក​ក្រៅ​។ ចំណែក​លោក​ឧត្តមសេនិយ៍ Charoenphol Koomrasee មេ​បញ្ជា​ការ​រង​នៃ​កងនាវាចរទី ៣ នៃ​កងនាវាចរភូ​មិន្ទ​ថៃ​បាន​និយាយ​ថា​​អ្នក​មុជ​ទឹក​អាជីព​ចំនួន ១៧ នាក់​មកពី​ក្រុម​ជួយ​សង្គ្រោះ​​របស់​ចិន​​​បាន​ជីកកកាយបំណែក​នៃ​ទូក​ “Phoenix” និង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ៖ “បន្ទាប់​ពីសម្អាតកម្ទេចកម្ទីបាក់​បែក​ដើម្បី​ធានា​ឲ្យ​បាន​ថា​គ្មាន​នរ​ណាម្នាក់​ជាប់​នៅ​ខាង​ក្នុង​​… យើង​នឹង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ជាមួយ​នឹង​ការ​រុក​រក​នៅ​ក្រោម​​ផ្ទៃ​ទឹក​​វិញ​ម្ដង​។” មេ​បញ្ជា​ការ​រង​​រូប​នេះ​បាន​បន្ថែម​ថា​ពួក​គេ​កំពុង​ធ្វើ​ការ​​ទាំង​យប់​ទាំង​ថ្ងៃ​​​​ក្នុង​ដំណើរ​​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​​ ខណៈ​ដែល​​ពួក​គេ​បាន​ប្រើ​ប្រាស់​​ឧទ្ធម្ភាគ​ចក្រ​ចំនួន​​ ៣ គ្រឿង​ នាវា​​ ៨ គ្រឿង​ និង​អ្នក​សង្គ្រោះ​​​ប្រមាណ​ជា​ ៨០០ នាក់​រួម​ទាំង​អ្នក​មុជ​ទឹក​សម្រាប់​​យុទ្ធនាការ​ស្វែងរក ២៤ ម៉ោង។

គួរ​​បញ្ជាក់​ផង​ដែរ​ថា​ទូក​​ចំនួន​ ២​ ​គ្រឿង​​ដែល​ដឹក​អ្នក​ទេសចរ​ជាង ១៣០ នាក់​​ និង​ដែល​ភាគ​ច្រើន​ជាជន​ជាតិ​ចិន​នោះ​​ត្រូវ​​បាន​ព្យុះ​​វាយ​ពន្លិច​​​​នៅ​​តំបន់​​រមណីយដ្ឋាន​​មួយ​នៃ​​ភាគ​ខាង​ត្បូង​​កោះ​​ភូកេត​ប្រទេស​ថៃ​កាល​ពីរ​សៀល​ថ្ងៃ​ព្រហស្បតិ៍។ ជនរង​គ្រោះ​ទាំង​អស់​​គឺ​សុទ្ធ​តែ​ជិះ​នៅ​​លើ​​ទូក​ដែល​មាន​ឈ្មោះ​ “Phoenix” ខណៈ​ពេល​ដែល​មនុស្ស ៤២ នាក់​​ផ្សេង​ទៀត​​នៅ​លើទូក “Serenata” ត្រូវ​បាន​ជួយ​សង្គ្រោះ​ឲ្យ​មាន​សុវត្ថិភាព។ អភិបាល​ខេត្ត​ភូកេត លោក​ Norraphat បាន​និយាយ​ថា​រដ្ឋាភិបាល​ថៃ​បាន​បង្កើត​កន្លែង​ផ្តល់​​សេវា​កម្ម​នៅ​ព្រលាន​យន្តហោះ​ភូកេត​ដើម្បី​ជួយ​សាច់​ញាតិ​របស់​ជនរង​គ្រោះ​ដែល​មក​កាន់​ភូកេត​ ហើយ​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​រង​របួស​រដ្ឋាភិបាល​ថៃ​នឹង​​ទទួល​រ៉ាប់​រង​រាល់​ការ​ចំណាយ​លើ​​ផ្នែក​វេជ្ជសាស្ត្រ​ទាំង​អស់​របស់​ពួក​គេ។ ចំណែក​សាច់​ញាតិ​របស់​ភ្ញៀវ​ទេសចរ​ដែល​បាន​ស្លាប់​​​នឹង​ទទួល​បាន​ប្រាក់​ចំនួន ១.៤ លានបាត ដែល​ស្មើ​នឹង​ ៤២,២០០ ដុល្លា​​​​​ ខណៈ​ដែល​សំណង​​គឺ​អាស្រ័យ​​តាម​ការ​ធានា​រ៉ាប់​រង​របស់​​​ទូក​ និង​​​ច្បាប់​​​នៃ​ប្រទេស​ថៃ។

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here