(សិង្ហបុរី) ទីបំផុតជំនួបកំពូលដំបូងបំផុតជាប្រវត្តិសាស្ត្រ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវបានបញ្ចប់ទៅហើយ ក្នុងរយៈពេល៤១នាទីដំបូង នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនានេះ ដោយមេដឹកនាំកំពូលៗទាំងពីរ បានធ្វើកិច្ចពិភាក្សាគ្នាប្រកបដោយលក្ខណៈរីករាយ និងថែមទាំងបានពោលពាក្យស្វាគមន៍គ្នាទៅវិញទៅមក ដ៏គួរឲ្យចាប់អារម្មណ៍ថែមទៀតផង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានចិន CGTN ដែលកំពុងតាមដានយ៉ាងលម្អិត ទៅលើជំនួបកំពូលខាងលើនេះ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។
នៅចំពោះមុខលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងមានកិច្ចពិភាក្សាដ៏អស្ចារ្យ ហើយខ្ញុំគិតថានឹងមានភាពជោគជ័យដ៏ធំសម្បើម។ មួយវិញទៀត វាជាគឺជាកិត្តិយសរបស់ខ្ញុំ ហើយយើងនឹងមានទំនងទំនងដ៏អស្ចារ្យ ដោយខ្ញុំគ្មានការសង្ស័យឡើយ»។ ប៉ុន្តែទន្ទឹមគ្នាលោក គីម ក៏បានទទួលស្គាល់ដែរថា វាមិនមែនជារឿងងាយស្រួលឡើយក្នុងការបោះជំហានទៅកិច្ចប្រជុំនេះ។ «វាមានឧបសគ្គ និងការអនុវត្តន៍មិនត្រឹមត្រូវជាច្រើនបានបិទភ្នែក និងត្រចៀករបស់យើងកន្លងមក ប៉ុន្តែយើងបានជម្នះគ្រប់យ៉ាងដើម្បីដើរមកដល់ថ្ងៃនេះ»។ នេះបើតាមសម្តីចេញពីមាត់លោក គីម ជុងអ៊ុន តបទៅលោក ត្រាំ វិញភ្លាមៗ៕