កំពូលគុនខ្មែរ ២រូបតំណាងកម្ពុជា ចេញទៅប្រកួត ក្នុងព្រឹត្តិការណ៍ World Lethwei Championship(WLC): Heartless Tiger

0
290

(ភ្នំពេញ) អ្នកប្រដាល់គុនខ្មែរពីររូបដែលមានកីឡាករ រឿង សោភ័ណ្ឌ និង កីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបញ្ជូនទៅចូលរួមប្រកួតកីឡាប្រដាល់សេរីនៅប្រទេសមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ World Lethwei Championship(WLC): Heartless Tiger នាចុងខែកញ្ញានេះដើម្បីដណ្ដើមកិត្តិយសមកជូនជាតិកម្ពុជា ។ អ្នកប្រដាល់ទាំងពីររូបនេះនឹងចេញដំណើរយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមប្រកួតថ្ងៃទី២៩ ខែកញ្ញា ខាងមុខ ។

 

សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ នឹងត្រូវប៉ះជាមួយនឹងកីឡាករម្ចាស់ស្រុក Yang Naing Tun ក្នុងទម្ងន់ ៦៧គីឡូក្រោម ខណៈដែលកីឡាករ ម្ទេសខ្មាំង នឹងជួបជាមួយនឹងកីឡាករម្ចាស់ស្រុកម្នាក់ទៀតគឺ Mite Yine ក្នុងទម្ងន់៦០គីឡូក្រោម ។ កីឡាករដ៏ឆ្នើមរបស់កម្ពុជាទាំង ២ មានជំនាញប្រើកណ្តាប់ដៃល្អដូចគ្នា ប៉ុន្តែសម្រាប់ការប្រកួតនេះ រឿង សោភ័ណ្ឌ បានអះអាងថា៖ «ខ្ញុំចង់ដឹង និងត្រូវសាកមើលសិនតើរសជាតិនៃការប្រកួតបែបនេះយើងធ្វើបានកម្រិតណា? យើងមានប្រៀបផ្នែកកណ្តាប់ដៃ ហើយបើមានឱកាសវ៉ៃចូលគោលដៅល្អ ក៏ធ្វើឲ្យដៃគូសន្លប់បានដែរ គឺ ១ ចានទឹក ១ ចានគោក»។

ប្រតិភូដឹកនាំការប្រកួតនេះ លោកហ៊ុន ចាន់រាជ បានឱ្យដឹងថា៖ «កីឡាករកម្ពុជាយើងទាំង ២ នាក់បានតម្លៃខ្លួនប្រកួតដូចគ្នានៅក្រៅស្រុកនាលើកនេះ គឺចាញ់នឹងទទួលបានប្រាក់ ១០០០ ដុល្លារ ឈ្នះពិន្ទុទទួលបាន ១៥០០ ដុល្លារ និងឈ្នះដោយផ្តួលដៃគូឲ្យសន្លប់ទទួលបាន ២០០០ ដុល្លារដោយមិនទាន់កាតពន្ធប្រទេសគេនៅឡើយ»។ លោកបានបន្តថា៖ «នេះជាការប្រកួតក្នុងវគ្គមួយទំនងដូចជាជម្រុះដែរ ពីព្រោះបើលើកនេះកីឡាករកម្ពុជាឈ្នះទាំង២នោះ យើងនឹងមានឱកាសចូលរួមជាលើកទី ២ ដែលមានតម្លៃខ្លួនប្រកួតពី ៥០០០ ដុល្លារ ដល់ ៧០០០ ដុល្លារឯណោះ»៕ប្រភពCamsport

LEAVE A REPLY

Please enter your comment!
Please enter your name here