(ភ្នំពេញ) លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF (International Taekwondo Federation) កម្ពុជាបានផ្ដាំជាចុងក្រោយដល់គ្រូបង្វឹក មន្ត្រីដឹកនាំ និង កីឡាករតេក្វាន់ដូរបស់ខ្លួនឲ្យរក្សា សុខភាព ទម្ងន់ សម្រាកឲ្យបានល្អ និងប្រយ័ត្នលើចំណីអាហារ ។ លោកបានផ្ដែផ្ដាំបែបនេះនៅព្រលប់ថ្ងៃទី១៨ ខែសីហាក្នុងខណៈដែលលោកចូលរួមជូនដំណើរដល់ប្រតិភូកីឡាតេក្វាន់ ដូរបស់លោកដែលទៅចូលរួមប្រកួតជើងឯកពិភពលោកលើកទី១៣នៅទីក្រុង MINSK ប្រទេសបេឡារូស ។ លោកបានផ្ដាំដល់គ្រូបង្វឹក និង ប្រធានប្រតិភូថាទោះបីជាបានទទួលលទ្ធផលបែបណាក៏ដោយក៏មិនត្រូវបន្ទោសកីឡាករដែរ ហើយគ្រូ និងប្រធានប្រតិភូពេលទៅដល់ប្រទេសម្ចាស់ផ្ទះត្រូវតែស្វះស្វែងរកពត៌មាននានាដែលទាក់ទង់នឹងការប្រកួត ជាពិសេសកម្មវិធីថ្លឹងទម្ងន់និងកម្មវិធីប្រកួត។ កីឡាករពេលទៅដល់មិនត្រូវទំរន់នោះទេត្រូវតែហ្វឹកហាត់ហើយត្រូវមានជំនឿលើខ្លួនឯងដាច់ខាត ។
បើតាមការឲ្យដឹងពី លោក កៅ មករា ដែលជាអគ្គលេខាធិការរងសហព័ន្ធនោះថា ការចេញទៅប្រកួតនេះកម្ពុជានឹងលេងវិញ្ញាសាប្រយុទ្ធទម្ងន់៤៥គីឡូក្រាមចំនួន៣រូប ។ ទម្ងន់៥១គីឡូក្រាមមួយរូប ទម្ងន់៥៧គីឡូក្រាម២រូបទម្ងន់ ៦៤គីឡូក្រាម៣រូប និងវ័យចាស់មួយរូប ។ ក្រៅពីនេះលេងវិញ្ញាសាមេគុនឯកត្តជនខ្សែក្រវាត់ខ្មៅមួយដាន់៤រូបមេគុនខ្សែក្រវាត់ខ្មៅ៤ដាន់ មួយរូប វិញ្ញា សាមេគុនក្រុម បច្ចេកទេសពិសេសឯកត្តជនមួយរូប វិញ្ញាសាបច្ចេកទេសពិសេសក្រុម វិញ្ញាសាសំដែងការពារខ្លួន និង វិញ្ញាសាវាយបំបែកក្ដារឯកត្តជន (Power Breaking) ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលកម្ពុជាចូលរួមប្រកួតជើងឯកយុវជនបែបនេះ ។ កាលពីឆ្នាំ២០០២ កម្ពុជាបានចូលរួមជាលើកដំបូងនៅកូរ៉េខាងជើងដោយដណ្ដើមបានមេដាយសំរិទ្ធ១គ្រឿងនេះជាលើកទី២ហើយដែលកម្ពុជាបញ្ជូនយុវជនពិភពលោកបែបនេះ ។
លោក កែវរ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយធីអេហ្វបានមានប្រសាសន៍ថា ការប្រកួតនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨នៅទីក្រុង MINSK នៃប្រទេសបេឡារូសហើយព្រឹត្តិការណ៍នេះអាចនឹងមានប្រទេសចូលរួមចំនួនពី៧០ទៅ៨០ចូលរួមព្រោះជាការប្រកួតកម្រិតពិភពលោកចំណែកសម្រាប់កម្ពុជាបញ្ជូនវ័យយុវជន ។ លោកបានបន្តថាសម្រាប់ការចូលរួមប្រកួតលើកនេះលោកមានជំនឿចិត្តខ្លាំងលើការប្រកួតវិញ្ញាសាមេគុន ឯវិញ្ញាសាប្រយុទ្ធពួកគេនៅថ្មីៗដែលមានអាយុពី១៤ទៅ១៧ឆ្នាំ ។
ទោះជាយ៉ាងណាក៏ លោក កែវ រ៉េមី បានសំណូមពរកីឡាករទាំងអស់យកតាមគំរូរបស់រៀមច្បងដែលតែងតែដណ្ដើមបានមេដាយពីគ្រប់វេទិកាប្រកួតក្រៅប្រទេស ៕ ប្រភព Camsport