(ភ្នំពេញ) កាលពីម្សិលមិញ FFC បានប្រកាសពីការដាក់ពិន័យលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត មិនឲ្យដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍នានារបស់សហព័ន្ធរយៈពេល ១ខែ និងពិន័យជាប្រាក់ ៥០ម៉ឺនរៀល ពីបទប្រើឥរិយាបថមិនសមរម្យដាក់មន្ដ្រីការប្រកួត គឺរុញ ព្រមទាំងប្រើសំដីមិនសមរ្យដាក់មន្ដ្រីការប្រកួត ។ ពិន័យនេះ ធ្វើឡើងស្របពេលបឹងកេត ត្រូវប៉ះក្រសួងការពារជាតិល្ងាចនេះ ។ ដូច្នេះលោកមិនអាចដឹកនាំការប្រកួតនេះបានឡើយ ត្បិតសហព័ន្ធទុកផ្លូវតវ៉ៃឲ្យលោករយៈពេល ៥ថ្ងៃ ដើម្បីធ្វើការប្ដឹងឧទ្ធរណ៍ ។
ជាមួយនឹងការប្រកួតល្ងាចនេះ ក៏ជាការប្រកួតសងសឹកផងដែរ បន្ទាប់ពីក្រសួងការពារជាតិ បានបរាជ័យកាលពីជើងទី១ ដោយលទ្ធផល ២-០ ។ ហេតុនេះ វាគឺជាឱកាសល្អ សម្រាប់ក្រុមលោក ភា សុភ័ក្ដ្រា ត្រូវសងសឹក ជាមួយក្រុមកំពូលតារាង ដែលគ្មានគ្រូបង្វឹកលើទីលាននេះ ស្របពេលក្រសួងការពារជាតិ កំពុងត្រូវការឈ្នះចាំបាច់ ដើម្បីរក្សាឱកាសប្រជែងតំណែងជើងឯកជាមួយក្រុមខ្លាំង រួមមានណាហ្គាវើល វិសាខា និងក្រុមបឹងកេតផ្ទាល់តែម្ដង ។ តែយ៉ាងណា គេនៅតែជឿជាក់ក្រុមបឹងកេតធ្វើបានល្អ ព្រោះក្រុមនេះ ប្រជុំដោយកីឡាករល្អៗជាច្រើន ពិសេសគឺការបរទេសតែម្ដង ។
ប៉ុន្ដែមុនឈានដល់ការប្រកួតជក់ចិត្តនេះ ក៏មានការប្រកួតគូពិសេសមួយ ១គូ នៅកីឡដ្ឋានស្ដាតចាស់នោះដែរ គឺជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមណាហ្គាវើល ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៣រសៀល ។ នេះក៏ជាការប្រកួតសងសឹកផងដែរ ដោយភ្នំពេញក្រោន ជម្នះបញ្ជីក្រុមណាហ្គាវើល ក្រោយបរាជ័យក្នុងដី ដោយលទ្ធផល ១-០ ស្របពេលភ្នំពេញក្រោន ត្រូវការឈ្នះដាច់ខាត ដើម្បីវិលទៅរកកៅអីលេខ៥ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ប្រចាំសប្ដាហ៍ទី១៥ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ៕