(ម៉ូស្គូ) បន្ទាប់ពីតស៊ូលើសង្វៀនវាលស្មៅអស់រយៈពេលមួយខែក្រុមមាន់គកបារាំង បានក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ក្រោយយកឈ្នះគូប្រជែងនៅតំបន់អឺរ៉ុបដូចគ្នា ក្រូអាត ដោយលទ្ធផលបច្ចេកទេស ៤-២ នៅវគ្គផ្តាច់ព្រ័ត្រដែលទើបបញ្ចប់មុននេះបន្តិចនៅក្នុងទីក្រុងម៉ូស្គូ នៃប្រទេសរុស្ស៊ី។
នេះជាការលើកពាន World Cup លើកទី២ សម្រាប់ក្រុមជម្រើសជាតិបារាំង ក្រោយរង់ចាំអស់រយៈពេល ២០ឆ្នាំមកហើយ បន្ទាប់ពីការលើកពានលើកដំបូងក្នុងទឹកដីរបស់ខ្លួននៅឆ្នាំ១៩៩៨ ពីការបង្ហាញខ្លួនបាន ១៤ដងក្នុងយុទ្ធនាការមានរយៈពេល ៤ឆ្នាំម្តងនេះ។ ការឈ្នះរបស់បារាំងពេលនេះ ជាការផ្តល់ភាពឈឺចាប់ដល់ក្រូអាតមិនដែលឈ្នះពាននេះឡើយ ក្រោយបង្ហាញខ្លួនបាន ៥ដង តែធ្លាប់ជាប់លេខ៣ ម្តងដែរកាល World Cup 1998។
បារាំង ឈ្នះជើងឯក ដោយទទួលបានពាន FIFA World Cup 2018 មួយ មេដាយមាស ៤៥គ្រឿង និងរង្វាន់អមដោយទឹកប្រាក់ចំនួន ៣៨លានដុល្លារ ខណៈជើងរងក្រូអាត ទទួលបានមេដាយប្រាក់ ៤៥គ្រឿង និងទឹកប្រាក់ ២៨លានដុល្លារ និងលេខ៣ ប៊ែលហ្ស៊ិក ទទួលបានមេដាយសំរឹទ្ធ ៤៥គ្រឿង ជាមួយទឹកប្រាក់ ២៤លានដុល្លារ និងលេខ៤ អង់គ្លេស ទទួលបាន ២២លានដុល្លារ។
សូមបញ្ជាក់ផងដែរថា បារាំងជាក្រុមតែមួយគត់ដែលលេងមិនចាញ់ក្នុងចំណោម ៧ប្រកួត ឈ្នះ ៦ដង និងស្មើ ១ដង ដោយមិនដែលលេងលើស ៩០នាទីឡើយ ក្នុងនាមជាក្រុមលេខ១ ចេញពីពូល C ខណៈក្រូអាតជាក្រុមលេខ១ ចេញពីពូល D៕