(ភ្នំពេញ) ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup)-ថ្នាក់ជាតិ រដូវកាលទី១២ បានបញ្ចប់ការប្រកួតជើងទី១ នៃវគ្គជម្រុះ ១៦ក្រុមចុងក្រោយហើយ ដោយ ៧ប្រកួត បានបញ្ចប់ដោយលទ្ធផលឈ្នះ-ចាញ់ ៥ប្រកួតប៉ុណ្ណោះ ក្នុងនោះក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា(EDC) យ៉ាងប្រផិតប្រផើយ ដោយលទ្ធផល ២-១ ក្នុងជំនួបដ៏ស្វិតស្វាញកាលពីល្ងាចមិញ ។
ជំនួបដ៏ជក់ចិត្តនៅកីឡដ្ឋានអគ្គិសនីកម្ពុជានេះក្នុងវគ្គទី១ ក្រុមទាំងពីរ បានទាត់បំប៉ោងសំណាញ់ ១គ្រាប់ម្នាក់ ដោយកីឡាករ យ៉ើ មូស្លីម រកគ្រាប់បាល់នាំមុខឲ្យភ្នំពេញក្រោន នៅនាទី២៥ មុនកីឡាករ សួន វាសនា ជួយក្រុមអគ្គិសនីកម្ពុជា តាមស្មើនៅនាទី៤៣ ។ ចូលដល់វគ្គទី២ ការប្រកួតកាន់តែតានតឹង ដោយក្រុមទាំងពីរ សម្រុករកគ្រាប់បាល់បន្ថែមរៀងៗខ្លួន តែជ័យជម្នះក្នុងជើងទី១ ត្រូវបានកំណត់ដោយកីឡាករ ជួន ចាន់ចាវ រកបានគ្រាប់ទី២ ឲ្យភ្នំពេញក្រោន នៅនាទី៨២ ដែលគ្រប់គ្រាន់ ដើម្បីយកឈ្នះអគ្គិសនីកម្ពុជាក្រៅដីតែម្ដង ។
ដោយឡែកលទ្ធផល ៦ប្រកួតផ្សេងទៀត រួមមានក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះវិសាខា ១-០, ក្រុមលេខ៤ ឆ្នាំចាស់បឹងកេតអែហ្វស៊ី បានលត់ក្រុមម្ចាស់ផ្ទះវេស្ទើន ៥-១ ខណៈក្រុមណាហ្គាវើល លត់ខេត្តកំពត ៥-១ ដូចគ្នា និងក្រុមក្រសួងការពារជាតិ ឈ្នះអាស៊ីអឺរ៉ុប ៣-១ ។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមគិរីវង់សុខសែនជ័យ និងក្រុមសូលទីឡូអង្គរ ប៉ះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា គឺក្រុមអង្គរថាយហ្គឺរ សុទ្ធតែបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ២-២ ដូចគ្នា ៕