ខ្សែប្រយុទ្ធ Valci Junior បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយបង្ហាញខ្លួនផ្លូវការលើកដំបូង លើទឹកដីអង្គរ

0
371

(ភ្នំពេញ) សមាជិកថ្មីរបស់ក្រុមភ្នំពេញក្រោន កីឡាករប្រេស៊ីល Valci Teixeira Junior បានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយបង្ហាញខ្លួនផ្លូវការលើកដំបូង ហើយជួយក្រុមរកបាន ៣ពិន្ទុពេញពីការប្រកួតជាមួយក្រុមសូលទីឡូអង្គរ ក្នុងសប្ដាហ៍ទី១២ នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ។ បន្ថែមលើនេះ Valci រំពឹងថា ភ្នំពេញក្រោននឹងធ្វើបានកាន់តែល្អនៅប្រកួតបន្ទាប់ ដើម្បីសម្រេចលទ្ធផលល្អក្នុងលីគរដូវកាលនេះ ។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានឲ្យដឹងក្រោយរកបាន ១គ្រាប់ជួយក្រុមភ្នំពេញក្រោន យកឈ្នះសូលទីឡូអង្គរ ២-១ ថា៖ «ខ្ញុំសប្បាយចិត្ត ចំពោះការជួយក្រុមឲ្យទទួលបាន ៣ពិន្ទុសម្រាប់ប្រកួតដំបូងរបស់ខ្ញុំ ។ ខ្ញុំគិតថា ការប្រកួតនេះ មានបញ្ហាទីលានបន្ដិច តែពួកយើងពិតជាធ្វើបានល្អ ហើយការទទួលបាន ៣ពិន្ទុ គឺជាការល្អ តែយើងត្រូវការព្យាយាមធ្វើឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីឈានទៅរកចំណាត់ថ្នាក់មួយល្អជូនក្រុម ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៨» ។

គួរបញ្ជាក់ថា ការប៉ះសូលទីឡូអង្គរកាលពីចុងសប្ដាហ៍កន្លងទៅ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់ Valci Junior ក្រោយកីឡាករប្រេស៊ីលរូបនេះ ផ្ទេរពីក្លឹបលីគទី២ របស់ថៃ Udon Thani មកលេងឲ្យភ្នំពេញក្រោននៅជើងទី២ ។ ប៉ុន្ដែភារកិច្ចបន្ទាប់ភ្នំពេញក្រោន ត្រូវធ្វើការងារកាន់តែធ្ងន់ ដោយត្រូវបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមក្រសួងការពារជាតិ នៅថ្ងៃទី០៨ ខែកក្កដាចុងសប្ដាហ៍នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here