(ម៉ូស្គូ) នៅវគ្គ១៦ក្រុមចុងក្រោយនឹងចាប់ផ្តើមយប់នេះ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ជាការជួបគ្នារវាងក្រុមនៅអឺរ៉ុប បារាំង ប៉ះអាហ្សង់ទីន នាម៉ោង ៩យប់ មុនអ៊ុយរ៉ាហ្គាយ ជួបព័រទុយហ្គាល់ នៅម៉ោង ១យប់រំលងអាធ្រាត្រនេះ។
អតីតម្ចាស់ជើងឯក World Cup 1998 បារាំង នឹងត្រូវជួបអតីតម្ចាស់ជើងឯក World Cup ២សម័យកាលមកពីតំបន់អាមេរិកឡាទីន អាហ្សង់ទីន ដែលនឹងចាប់ផ្តើមនៅម៉ោង ៩យប់នេះបើកឆាកនៃវគ្គ ១៦ក្រុមចុងក្រោយចាប់ពីថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុនាថ្ងៃទី២៩ ខែមិថុនា ក្នុងនាមបារាំង ជាក្រុមលេខ១ ចេញពីពូល C ដែលត្រូវប៉ះអាហ្សង់ទីន ចេញមកពីលេខ២ នៃពូល D។
៣ប្រកួតសន្សំពិន្ទុក្នុងពូល C របស់ក្រុមមាន់គកបារាំង ឈ្នះ២ និងស្មើ១ មិនដែលចាញ់ រកបាន ៧ពិន្ទុ តែឈ្នះគូប្រកួត មិនដែលលើសពី១គ្រាប់ឡើយ ពោលគឺអូស្រា្តលី ២-១ នៅថ្ងៃបើកឆាកពូល C មុនមកឈ្នះប៉េរូ ១-០ និងលេខស្មើ ០-០ ទល់នឹងដាណឺម៉ាក ស្របពេលអាហ្សង់ទីនឡើងមកវគ្គចាញ់ធ្លាក់នេះទាំងត្រដាបត្រដួស ដោយលេងស្មើ ១-១ ជាមួយអាយឡែន ចាញ់ក្រូអាត ៣-០ តែឈ្នះនីហ្សេរីយ៉ា ២-១ វិញនៅថ្ងៃបិទបញ្ចប់នៃពូល D។
សម្រាប់១ប្រកួតទៀតនៅម៉ោង ១យប់រំលងអាធ្រាត្រនេះវិញ អតីតម្ចាស់ជើងឯក World Cup ២សម័យកាល អ៊ុយរ៉ាហ្គាយ មកពីតំបន់អាមេរិកឡាទីន នឹងត្រូវប៉ះអតីតម្ចាស់ជើងឯកពានប្រចាំទ្វីបអឺរ៉ុប Euro 2016 ព័រទុយហ្គាល់ ខណៈអ៊ុយរ៉ាហ្គាយ បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ចេញពីពូល A ដែលត្រូវជួបក្រុមលេខ២ ព័រទុយហ្គាល់ ចេញពីពូល B៕