Diego Maradona បាននិយាយការពារខ្សែប្រយុទ្ធ Lionel Messi ថាកីឡាករនៃក្រុមអ្នកមានបុណ្យ Barcelona រូបនេះគឺមិនមានកំហុសទេ បើទោះបីជាក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងប្រឈមនឹងការជម្រុះចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកវគ្គចែកពូលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០២ ។ អាហ្សង់ទីនបានបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិក្រូអាតជាមួយនឹងលទ្ធផល ៣-០ បន្ទាប់ពីនៅថ្ងៃបើកឆាកពួកគេប្រកួតស្មើជាមួយអ៊ីស្លង់ដែលជាការប្រកួតនាវគ្គជម្រុះក្នុងពូលនៃការប្រកួតពាន World Cup ឆ្នាំ ២០១៨ ខណៈដែលពួកគេត្រូវការជាចាំបាច់នូវជ័យជម្នះទៅលើក្រុមជម្រើសជាតិនីហ្សេរីយ៉ាដើម្បីមានឱកាសឡើងទៅវគ្គ ១៦ ក្រុមបាន។
ហើយអំឡុងក្រុមរបស់ខ្លួនប្រកួតស្មើជាមួយអ៊ីស្លង់ Messi បានខកខានឱកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្របញ្ចូលទី ខណៈដែលនៅប្រកួតទី ២ ដែលពួកគេប៉ះជាមួយក្រូអាត គឺ Messi រឹតតែឃ្លាតឆ្ងាយពីការរកគ្រាប់បាល់បញ្ចូលទីដើម្បីជួយជម្រើសជាតិរបស់ខ្លួន ដែលចាប់ពីពេលនោះមកតារាបាល់ទាត់ឆ្នើមរូបនេះបានធ្លាក់ចូលទៅក្នុងរណ្ដៅនៃពាក្យរិះគន់ ប៉ុន្តែខុសអីតែ Maradona អតីតវីរបុរសបាល់ទាត់របស់អាហ្សង់ទីន និងធ្លាប់ដឹកនាំអាហ្សង់ទីនកាលពីព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១០ រូបនេះបានអះអាងថាកំហុសគ្រប់យ៉ាងគឺមិនមែនកើតឡើងព្រោះតែ Messi ទេ។ “ខ្ញុំចង់និយាយទៅកាន់ Messi និងចង់ប្រាប់គាត់ថាគាត់គ្មានកំហុសអ្វីទាំងអស់។ គឺគាត់គ្មានកំហុសទាល់តែសោះ។” Maradona បាននិយាយ។ “ខ្ញុំតែងតែស្រលាញ់ចូលចិត្ត និងគោរពគាត់ជានិច្ច។”
ប្រែសម្រួល ៖ ភក្ដី