អ្នកចាំទីនៃក្រុមជម្រើសជាតិកម្ពុជា កីឡាករ ស៊ូ យ៉ាទី បានចែកផ្លូវគ្នាជាមួយក្រុមបឹងកេត បន្ទាប់ពីកិច្ចចរចារបន្តកុងត្រាថ្មីបន្ថែមពុំទទួលបានផលវិជ្ជមាន។ នេះបើតាមការប្រកាសឲ្យដឹងពីក្លិបនៃលីកកំពូលរបស់កម្ពុជាមួយនេះ។ ដំណឹងនៃការចែកផ្លូវគ្នានេះគឺក្រោយតែ ២ ថ្ងៃប៉ុណ្ណោះដែលបឹងកេតចុះហត្ថលេខាជាថ្មីជាមួយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ។
សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បឹងកេត បានរៀបរាប់ថា ៖ “គ្រប់ៗគ្នានៅបឹងកេតសូមជូនពរ យ៉ាទី ឲ្យទទួលបានជោគជ័យក្នុងអាជីព នាពេលខាងមុខ។ យើងសោកស្ដាយដែលក្លិបនិងយ៉ាទី ពុំអាចឯកភាពគ្នារហូតឈានដល់កិច្ចព្រមព្រៀងក្នុងការបន្ដកិច្ចសន្យាថ្មី ដូច្នេះយើងទាំងអស់គ្នាអរគុណដល់ យ៉ាទី សម្រាប់ការរួមចំណែក និងការខិតខំប្រឹងប្រែងកន្លងមកជាមួយពួកយើង។”