អតីតវីរបុរសបាល់ទាត់របស់ក្រុមតោខៀវ Chelsea, Frank Lampard ដែលបច្ចុប្បន្នកំពុងកាន់ការងារជាអ្នកចាត់ការនៅក្លិប Derby County រូបនេះបានបង្ហាញនូវជំនឿចិត្តរបស់ខ្លួនចំពោះក្រុមជម្រើសជាតិអង់គ្លេសថានឹងអាចលើកពាន World Cup ឆ្នាំ ២០១៨ នេះបាន។ ការរំពឹងទុករបស់ Lampard ទំនងជាបានកើតឡើងបន្ទាប់ពីក្រុមដែលមានរហស្សនាមតោកំណាចមួយនេះបានលត់ក្រុមប៉ាណាម៉ាក្នុងលទ្ធផល ៦ ទល់នឹង ១ នៃការប្រកួតវគ្គជម្រុះក្នុងពូលនៅ World Cup និងកំពុងស្ថិតនៅលើផ្លូវទៅកាន់វគ្គ ១៦ ក្រុម។
“ខ្ញុំគិតថាអង់គ្លេសអាចធ្វើដំណើរទៅបានវែងឆ្ងាយនៅក្នុងការប្រកួតពានរង្វាន់ World Cup លើកនេះ។” Lampard បានថ្លែងប្រាប់ BBC ។ “ហើយយើងត្រូវតែឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ។ ខ្ញុំគិតថាក្រុមបានបង្ហាញឲ្យឃើញនៅក្នុងការប្រកួតកន្លងមករបស់ពួកគេ ហើយខ្ញុំមិនមែនចេះតែនិយាយនោះទេ។ បើមិនជឿសូមក្រឡេកមើលនូវទេព្យកោសល្យនៃកីឡាកររបស់យើង(អង់គ្លេស) និងរបៀបដែលពួកគេលេង។” អង់គ្លេសធ្លាប់បានឈ្នះ World Cup តែម្ដងឲ្យគត់ គឺនៅក្នុងឆ្នាំ ១៩៦៦ ដែលកាលនោះពួកគេធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់ដ៏ធំមួយនេះដោយការផ្ដួលក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ក្នុងលទ្ធផល ៤-២ ។
ប្រែសម្រួល ៖ ភក្ដី