(ម៉ូស្គូ) នាយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ការប្រកួត World Cup 2018 នៅរុស្ស៊ី មាន៣គូក្នុងនោះមាន៖ ប៊ែលហ្ស៊ិក ឡើងទៅវគ្គ១៦ក្រុម ក្រោយឈ្នះទុយនេស៊ី ៥-២, មិចស៊ិក ទាត់ទម្លាក់កូរ៉េខាងត្បូងចេញពី World Cup 2018 ខណៈអាល្លឺម៉ង់ បំបាក់ ស៊ុយអែត នៅចុងម៉ោង។
ទី១៖ ប៊ែលហ្ស៊ិក ជាប្រទេសទី៥ កក់កៅអីវគ្គ១៦ក្រុម ក្រោយឈ្នះទុយនេស៊ី
ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក បានឈ្នះកៅអីមួយ ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិហើយនៃ FIFA World Cup 2018 នៅរុស្ស៊ី ក្រោយបំបាក់ទុយនេស៊ី ៥-២។ នេះជាជ័យជម្នះទី២ សម្រាប់ក្រុមនៅអឺរ៉ុប ប៊ែលហ្ស៊ិក ដោយរកបាន៦ពិន្ទុពេញនៃវគ្គសន្សំពិន្ទុពូល G ក្រោយបំបាក់ប៉ាណាម៉ា ៣-០ កាលពីប្រកួតក្នុងជុំទី១ ស្របពេលអង់គ្លេសក៏បានយកឈ្នះទុយនេស៊ី ២-១ ដែរនោះ។
Eden Hazard ជាអ្នកទាត់បាល់ប៉េណាល់ទីពិន័យ ១១ម៉ែត្រឲ្យប៊ែលហ្ស៊ិកនៅនាទីទី៦ មុនពេលបន្ថែម២គ្រាប់ទៀតដោយ Romelu Lukaku ដែលរកបាន៤គ្រាប់ច្រើនជាងគេ ស្មើនឹង Cristiano Ronaldo នៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុង World Cup លើកទី២១នេះ និងគ្រាប់ទី៤ ដោយ Hazard ដដែលនៅនាទីទី៥៤ និងគ្រាប់ទី៥ នៅទីទី៩០ និងទុយនេស៊ី រកបាន២គ្រាប់ដែរនៅនាទីទី១៨ និងនាទីទី៩០+៣។
ប៊ែលហ្ស៊ិកបានក្លាយេជាក្រុមទី៥ ក្នុងចំណោម ៣២ប្រទេសដែលបានកក់កៅអីវគ្គ១៦ក្រុម បន្ទាប់ពីអ៊ុយរ៉ាហ្គាយ បារាំង ក្រូអាត និងម្ចាស់ផ្ទះរុស្ស៊ី ហើយក្រុមមកពីអាហ្រ្វិក ទុយនេស៊ី ក៏បានកក់សំបុត្រយន្តហោះទៅផ្ទះវិញផងដែរជាមួយ អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត ម៉ារ៉ុក ប៉េរូ និងកូស្តារីកា។
ទី២៖ មិចស៊ិក និង កូរ៉េខាងត្បូង
ក្រុមបាល់ទាត់មកពីតំបន់អាមេរិកខាងជើង មិចស៊ិក បានទម្លាក់ក្រុមអាស៊ី កូរ៉េខាងត្បូង ត្រឹមវគ្គចែកពូល F ដោយលទ្ធផល ២-១ នៃព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី។ ៣ពិន្ទុបន្ថែមនេះដែរ បានជួយឲ្យមិចស៊ិក រកបាន៦ពិន្ទុពេញឈរនៅកំពូលតារាង ក្រោយយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ ១-០ ដែរនោះនៅថ្ងៃបើកឆាកពូល F ដោយនៅសល់១ប្រកួតបង្រ្គប់កិច្ចត្រូវជួបស៊ុយអែត។
Carlos Vela ជាអ្នករកគ្រាប់ទី១ ឲ្យមិចស៊ិក ពីការទាត់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី២៦ មុនពេលមិត្តរួមក្រុម Jevier Hernandez រកបានគ្រាប់ទី២ នៅនាទីទី៦៦ និង១គ្រាប់របស់កូរ៉េខាងត្បូង កើតឡើងនៅនាទីទី៩០+៥ នៅពីមុខប្រធានាធិបតីកូរ៉េខាងត្បូង ដែលចូលរួមទស្សនាដោយផ្ទាល់ក្នុងកីឡដ្ឋានស្ថិតក្នុងទីក្រុង Rostov។
មិចស៊ិក បានក្លាយជាក្រុមទី៦ ដែលបានឈ្នះកៅអីទៅវគ្គ១៦ក្រុមនៃ World Cup 2018 ខណៈកូរ៉េខាងត្បូង បានក្លាយជាក្រុមអាស៊ីទី២ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត ដែលហាលអាវ នៅសល់តែអ៊ីរ៉ង់ និងជប៉ុនប៉ុណ្ណោះ ក្នុងចំណោម៤ក្រុមដែលឡើងទៅលេង World Cup លើកទី២១នេះ តំណាងអោយទ្វីបអាស៊ី។
ទី៣៖ អាល្លឺម៉ង់ ឈ្នះ ស៊ុយអែត ២-១ មានសង្ឃឹមឡើងវិញ នៅ World Cup 2018
ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ រកបាន៣ពិន្ទុដំបូង ក្រោយឈ្នះស៊ុយអែត ២-១ នៃ World Cup 2018 នៅប្រទេសរុស្ស៊ី។ ការរកបាន ៣ពិន្ទុនេះបានធ្វើឲ្យក្រុមការពារ តំណែងជើងឯក អាល្លឺម៉ង់ ឡើងទៅឈរនៅលេខ២ ក្នុងពូល F មានកូរ៉េខាងត្បូង ហាលអាវឈរលេខ៤ ស៊ុយអែតលេខ៣ និង មិចស៊ិក លេខ១ ក្នុងពូល។ អាល្លឺម៉ង់ មិនភ័យព្រួយឡើយពេលជួបកូរ៉េខាងត្បូង នៅជុំទី៣ ខណៈស៊ុយអែត ត្រូវការឈ្នះពេលប៉ះ មិចស៊ិក នាសប្តាហ៍ក្រោយ៕