បុរសសញ្ជាតិចិនរូបនេះនិយាយថា ៖ គុណតម្លៃរបស់ខ្ញុំឥឡូវវាពុំមែនជារបស់សំខាន់ទៀតឡើយ ឲ្យតែមានអ្នកសុខចិត្តជួយកូនស្រីខ្ញុំនោះខ្ញុំនឹងទទួលធ្វើនូវអ្វីៗទាំងអស់ ។ តាមពិតទៅបុរសនេះគឺជាជាងឈើអាយុ ៤៥ឆ្នាំ ឈ្មោះកុកអានតាន, រស់នៅក្នុងទីប្រជុំជន តឺកុង , ខេត្តស៊ីឈួន ប្រទេសចិន ។ រៀងរាល់ថ្ងៃគាត់តែងស្លៀកពាក់រ៉ូបកូនក្រមុំលាបក្រែមផាត់ម្សៅ រួចឈរនៅទីសាធារណៈ ដើម្បីសុំទានយកលុយទៅព្យាបាលឲ្យកូនស្រីតូចរបស់ខ្លួន ។
អ្នកកាសែតធ្វើការស៊ើបសួរទើបដឹងថា លោកកុកអានតាន កាលពី ៥ឆ្នាំមុន កូនស្រីគាត់ដែលមានអាយុទើប ៤ឆ្នាំ ត្រូវបានគ្រូពេទ្យប្រាប់ថា នាងកើតជំងឺមហារីកឈាម ។ លោកបានចំណាយលុយកាក់ ព្រមទាំងលក់ទ្រព្យសម្បត្តិ ហើយខ្ចីប្រាក់គេដើម្បីព្យាបាលកូនស្រី ។ ក្រោយការព្យាបាលដោយគីមី ៨លើក ជំងឺរបស់នាងតូចបានថយចុះច្រើន ប៉ុន្តែនៅដើមឆ្នាំនេះ វាបានរើឡើងវិញយ៉ាងខ្លាំង ។
បន្ទាប់ពីជំងឺរើឡើងធ្វើឲ្យលុយបំណុលចាស់នៅពុំទាន់ទូទាត់អស់នៅចំណាយព្យាបាលបន្ថែមទៀត ហេតុនេះលោកពុំមានជម្រើសអ្វីក្រៅពីចិត្តសប្បុរសធម៌របស់អ្នកផងទាំងពួង ។ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកផង លោកបង្ខំចិត្តស្លៀកឈុតកូនក្រមុំ លាបក្រែមម្សៅ ហើយព្យួរនៅកស្លាកមួយសរសេរថា សូមជួយកូនស្រីខ្ញុំផង ជីវិតខ្ញុំទាំងមូលនឹងទុកសងបំណុលដល់អ្នក ។
វិធីថ្វីត្បិតចម្លែកតែវាមានប្រសិទ្ធភាព ។ លោកឲ្យដឹងថា ដោយធ្វើបែបនេះទើបអាចរកបាន ១៦.០០០យាន់ ពីសប្បុរសជន ។ ចំពោះលោកអ្វីដែលសំខាន់នោះគឺសង្គ្រោះបានជីវិតកូនស្រីជាទីស្រឡាញ់ប៉ុណ្ណោះ ។តំណក់ទឹកភ្នែកដែលហូរពុំឈប់ព្រោះតែឈឺចាប់ដោយជំងឺមហារីក ៕