កីឡាករ Mateo Kovacic បានអស់ភាពអំណត់អត់ធ្មត់តទៅទៀតហើយជាមួយក្រុម Real Madrid ខណៈដែលខ្សែបម្រើរូបនេះបានសារភាពពេញៗមាត់ថាខ្លួនចង់ចាកចេញពី Real ដើម្បីផ្លាស់ទៅកន្លែងថ្មីមួយដែលអាចអនុញ្ញាតឲ្យរូបគាត់បង្ហាញខ្លួនលើទីលានប្រកួតបានញឹកញាប់ជាងនេះ។ កីឡាករនៃក្រុមជម្រើសជាតិក្រូអាតរូបនេះបានផ្លាស់មកកីឡដ្ឋាន Bernabeu របស់ Real Madrid កាលពីឆ្នាំ ២០១៥ ដោយការផ្ទេរចេញពីក្រុម Inter Milan របស់អ៊ីតាលីក្នុងតម្លៃខ្លួនផ្ទេរដែលត្រូវបានគេរាយការណ៍ឲ្យដឹងថាប្រមាណជា ៣៥ លានអឺរ៉ូ។ ប៉ុន្តែគាត់បានជួបការលំបាកដោយការប្រឈមមុខជាមួយខ្សែបម្រើរួមសញ្ជាតិរបស់គាត់ គឺកីឡាករ Luka Modric, ខ្សែបម្រើអាល្លឺម៉ង់ Toni Kroos និង Casemiro ខ្សែបម្រើប្រេស៊ីល ក្នុងការដណ្ដើមយកកៅអី ១១ នាក់ដំបូង។
ហើយបន្ទាប់ពីការចាកចេញរបស់អតីតគ្រូបង្វឹក លោក Zinedine Zidane ដែលបានជួយឲ្យ Real ឈ្នះពាន Champions League បីរដូវកាលជាប់ៗគ្នានោះ Kovacic ក៏ត្រូវបានក្លិបល្បីៗជាច្រើនសម្លឹងឃើញ ស្របពេលដែលពេលនេះគាត់បានបើកភ្លើងខៀវក្នុងការចាកចេញពី Madrid ជាកន្លែងដែលគាត់ចូលលេងបានតែ ៣៧ ប្រកួតក្នុងលីក ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ។ “ខ្ញុំចង់បង្ហាញខ្លួនឲ្យបានច្រើនប្រកួត ហើយរឿងដែលសំខាន់នោះគឺខ្ញុំចង់ចាកចេញពី Real Madrid ។” Kovacic បានប្រាប់កាសែត Marca ។ “ខ្ញុំចូលចិត្តបាល់ទាត់ និងចង់បង្ហាញខ្លួនឲ្យច្រើននៅលើទីលានប្រកួត។ ខ្ញុំចង់មានឱកាសចូលលេងជម្រើសដំបូងឲ្យក្រុមផ្សេង ព្រោះបើមិនបានចូលលេង គឺខ្ញុំសប្បាយចិត្តមិនចេញទេ។” Tottenham ដែលជាក្រុមនៃលីកកំពូលរបស់អង់គ្លេសមួយនេះត្រូវបានគេផ្សាភ្ជាប់ជាមួយការផ្ទេរ Kovacic កាលពីកន្លងទៅ។
ប្រែសម្រួល ៖ ភក្ដី