អតីតខ្សែការពាររបស់ក្រុម Real Madrid កីឡាករ Alvaro Arbeloa ជឿជាក់ថាខ្សែបម្រើ Luka Modric គឺជាកីឡាករដែលពាក់លេខ ១០ ល្អបំផុតនៅលើពិភពលោក។ Modric បានបង្ហាញខ្លួន និងជួយឲ្យក្រុមជម្រើសជាតិក្រូអាតលត់ក្រុមជម្រើសជាតិអាហ្សង់ទីនដោយលទ្ធផល ៣-០ នៃការប្រកួតពាន World Cup នាវគ្គជម្រុះក្នុងពូល D កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលគាត់ក៏រកបានគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ផងដែរ ខណៈដែលខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi ដែលក៏ពាក់អាវលេខ ១០ ដូច Modric ដែរនោះកំពុងតែត្រដរខ្យល់ បន្ទាប់ពី ២ ប្រកួតរបស់ពួកគេរកជ័យជម្នះមិនទាន់ឃើញ(ស្មើពេលប៉ះអ៊ីស្លង់ និងចាញ់ពេលប៉ះជាមួយក្រូអាត)។
ទន្ទឹមនឹងការបង្ហាញទម្រង់លេងល្អពីសំណាក់ Modric បានធ្វើឲ្យ Arbeloa ដែលបានចំណាយពេលអស់ ៧ រដូវកាលលេងនៅក្លិបអេស្ប៉ាញ Real Madrid រូបនេះជឿថា Modric ពិតជាសមជាកីឡាករពាក់លេខ ១០ ដែលល្អជាងគេបំផុតនៅលើពិភពលោក។ “កីឡាករពាក់លេខ ១០ ដែលល្អបំផុតនៅក្នុងពិភពលោកគឺ Luka Modric ។” Arbeloa បានសរសេរយ៉ាងដូច្នេះនៅលើទំព័របណ្ដាញសង្គម Twitter របស់គាត់ដោយបានអមមកជាមួយនូវរូបរបស់ Modric ផងដែរ។ Modric រកគ្រាប់បាល់បញ្ចូលទីបាន ២ គ្រាប់ហើយនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតពានបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះ ខណៈដែលជម្រើសជាតិរបស់គាត់កំពុងបោះជំហានទៅកាន់វគ្គ ១៦ ក្រុមជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៨ ។
ប្រែសម្រួល ៖ ភក្ដី