ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថាវាគឺជារឿងដ៏សែនឈឺចាប់មួយសម្រាប់គាត់ បន្ទាប់ពីខកខានការស៊ុតបាល់ពិន័យ ១១ ម៉ែត្របញ្ចូលទី អំឡុងការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងអ៊ីស្លង់នាវគ្គចែកពូលនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ កាលពីម្សិលមិញ។ ការស៊ុតបាល់ប៉េណាល់ទីពីសំណាក់កីឡាករវ័យ ៣០ ឆ្នាំរបស់ក្រុមអ្នកមានបុណ្យ Barcelona រូបនេះត្រូវបានជួយសង្គ្រោះយ៉ាងស្រួលៗពីអ្នកចាំទីរបស់អ៊ីស្លង់ កីឡាករ Hannes Halldorsson ខណៈដែល Messi គាត់ចង់បង្ហាញការលេចធ្លោដូចខ្សែប្រយុទ្ធ Cristiano Ronaldo ដែលស៊ុតបាន ៣ គ្រាប់ម្នាក់ឯងនៅថ្ងៃបើកឆាកឲ្យព័រទុយហ្គាល់ស្មើជាមួយអេស្ប៉ញ។
តែជាលទ្ធផលគឺ Messi បានបរាជ័យក្នុងការធ្វើឲ្យខ្លួនគាត់លេចធ្លោ និងធ្វើឲ្យអាហ្សង់ទីនទទួលបានត្រឹមលទ្ធផលមួយស្មើជាមួយអ៊ីស្លង់ ហើយក្រោយចប់ការប្រកួត ម្ចាស់ពាន Ballon D’or ប្រាំសម័យកាលរូបនេះបាននិយាយថា ៖ “ការបានស៊ុតបាល់ពិន័យ ១១ ម៉ែត្រវាគឺជាគុណសម្បត្តិមួយ ប៉ុន្តែវាពិតជាធ្វើឲ្យខ្ញុំឈឺចាប់ណាស់ដែលស៊ុតមិនបានសម្រេច។” Messi ពេលនេះបានខកខានការស៊ុតបាល់ពិន័យ ១១ ម៉ែត្របញ្ចូលទីចំនួន ៤ ដងហើយពីឱកាសនៃការស៊ុតបាល់ពិន័យ ១១ ម៉ែត្រចំនួន ៧ ដងចុងក្រោយរួមបញ្ចូលគ្នាទាំងនៅជម្រើសជាតិ និងក្លិបរបស់គាត់។
ប្រែសម្រួល ៖ ភក្ដី