សហព័ន្ធបាល់ទាត់អេហ្ស៊ីបបានប្រកាសថាខ្សែប្រយុទ្ធ Mohamed Salah បានជាសះស្បើយហើយ និងត្រៀមជាស្រេចក្នុងការបង្ហាញខ្លួនសម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិអេហ្ស៊ីប និងម្ចាស់ផ្ទះរុស្ស៊ីនាថ្ងៃអង្គារសប្ដាហ៍ក្រោយនេះដែលជាការប្រកួតនៃពានរង្វាន់បាល់ទាត់ពិភពលោក វគ្គចែកពូល។ កីឡាករវ័យ ២៥ ឆ្នាំ, Salah មិនត្រូវបានដាក់ឲ្យចូលលេងទេ អំឡុងពេលជម្រើសជាតិរបស់គាត់ប្រកួតចាញ់អ៊ុយរ៉ូហ្គាយដោយលទ្ធផល ១-០ នៅក្នុងការប្រកួតបើកពូលរបស់ពួកគេនៅ World Cup កាលពីថ្ងៃព្រហស្បតិ៍។
Salah បានរងរបួសស្មារហូតដល់ត្រូវបង្ខំចិត្តដើរចេញពីទីលានប្រកួតនៃពានរង្វាន់ Champions League វគ្គផ្ដាច់ព្រ័ត្ររវាងក្រុមហង្សក្រហម Liverpool និងក្រុមយក្សអេស្ប៉ាញ Real Madrid កាលពីខែមុន ខណៈដែលរបួសរបស់គាត់នេះដែរបានកើតឡើងដោយសារការប៉ះទង្គិចគ្នាជាមួយខ្សែការពារឆ្នើម Sergio Ramos ។ តែទោះជាយ៉ាងណាពេលនេះសហព័ន្ធអេហ្ស៊ីបបានប្រាប់ឲ្យដឹងថា ៖ “Salah បានជាសះស្បើយ និងអាចចូលលេងបានតាំងពីការប្រកួតជាមួយអ៊ុយរ៉ូហ្គាយ ប៉ុន្តែគ្រូបង្វឹកមិនហ៊ានប្រថុយដាក់ឲ្យគាត់ចូលលេង។ បើមានគាត់ប្រហែលជាលទ្ធផលអាចនឹងខុសគ្នា ប៉ុន្តែយើងមិនអាចដឹងទេអំពីរឿងនោះ។ យើងមិនចង់ឲ្យមានការស្ដាយក្រោយកាលពីប្រកួតមុន ទើបមិនឲ្យ Salah លេង ប៉ុន្តែប្រកួតក្រោយគាត់នឹងអាចចូលលេងបានហើយ។”
ប្រែសម្រួល ៖ ភក្ដី