ខ្សែប្រយុទ្ធ Antoine Griezmann ដែលជាកីឡាករគោលដៅរបស់ក្រុមអ្នកមានបុណ្យ Barcelona បានប្រកាសថាគាត់នឹងបន្តការស្នាក់នៅជាមួយក្រុម Atletico Madrid ដោយកីឡាករបារាំងរូបនេះបានបញ្ជាក់ឲ្យដឹងយ៉ាងដូចច្នេះនៅក្នុងកម្មវិធីមួយរបស់បុស្ដិ៍ទូរទស្សន៍អេស្ប៉ាញដែលមានឈ្មោះថា «La Decision» ។ Griezmann បាននិយាយថាខ្លួនចង់ស្រាយមន្ទិលសង្ស័យទាក់ទងជាមួយនឹងអនាគតរបស់គាត់ឲ្យបានមុនការប្រកួតរវាងក្រុមជម្រើសជាតិបារាំង និងអូស្ដ្រាលីនៅក្នុងជំនួបនៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃសៅរ៍នេះ។
Griezmann កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានមកចុះចូលជាមួយ At Madrid ក្រុមនៃលីកកំពូលរបស់អេស្ប៉ាញកាលពីឆ្នាំ ២០១៤ ដោយការផ្ទេរចេញពីក្រុមក្នុងលីកអេស្ប៉ាញដូចគ្នាគឺក្រុម Real Sociedad ខណៈដែលមកទល់ពេលនេះគាត់រកគ្រាប់បាល់បញ្ចូលទីបាន ១១២ គ្រាប់ហើយពីគ្រប់ការប្រកួតទាំងអស់ឲ្យ At Madrid ។ “ខ្ញុំបានសម្រេចចិត្តស្នាក់នៅជាមួយ At Madrid បន្តទៀត។” Griezmann បាននិយាយនៅចុងម៉ោងនៃកម្មវិធី «La Decision» ។ ហើយបន្ទាប់ពីការប្រកាសឲ្យដឹងទាក់ទងនឹងការសម្រេចចិត្តរបស់ខ្លួន Griezmann ដែលជាប់កុងត្រានៅ At Madrid ដល់ឆ្នាំ ២០២២ រូបនេះបានផុសនៅលើបណ្ដាញសង្គម Twitter ដោយសរសេរថា ៖ “អ្នកគាំទ្ររបស់ខ្ញុំ ក្រុមរបស់ខ្ញុំ ផ្ទះរបស់ខ្ញុំ…”
កាលពីរដូវក្ដៅឆ្នាំទៅ Griezmann បានបន្តកុងត្រារបស់គាត់ចំនួនមួយឆ្នាំបន្ថែមទៀតនៅ At Madrid និងព្រមបន្តរួមរស់ជាមួយក្រុមម្ចាស់ជើងឯកពាន Europa League មួយនេះ បើទោះបីជាក្លិបត្រូវបានរងការពិន័យមិនឲ្យទិញកីឡាករ។ ហើយកាលនោះដែរគាត់បាននិយាយថាឱកាសដែលខ្លួនអាចនឹងផ្ទេរទៅកាន់ក្រុមបិសាចក្រហម Manchester United គឺមាន ៦ លើ ១០ ។ ចំណែក At Madrid វិញកាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះបានប្រកាសថាពួកគេបានឈានដល់កិច្ចព្រមព្រៀងជាបឋមមួយក្នុងការចុះហត្ថលេខាទិញខ្សែបម្រើរួមសញ្ជាតិរបស់ Griezmann គឺកីឡាករ Thomas Lemar ពីក្រុម Monaco ។
ប្រែសម្រួល ៖ ភក្ដី