ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៥៧គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី៩ ខែមិថុនាអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ធន មករា បានប្រកួតចាញ់អ្នកប្រដាល់ថៃ ធៀប កៅ (Theap Kao) ដោយពិន្ទុដាច់តែម្ដង ។ នៅក្នុងការប្រកួត៥ទឹកនោះ មករា បានវាយសម្រុក និងវ៉ៃចេញបានច្រើនតែការវ៉ៃចេញរបស់គេមិនសូវចំគោលដៅឡើយមិនតែប៉ុណ្ណោះអ្នកប្រដាល់កម្ពុជារូបនេះត្រូវអ្នកប្រដាល់ថៃកាច់ឲ្យដួលលើសង្វៀនជាញឹកញាប់ទៀតផង។
ចំពោះ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងប្រកួតឈ្នះអ្នកប្រដាល់ថៃ ភេច យ៉ាកស៊ូ (Pnach Yaksou) ដោយពិន្ទុដាច់តែម្ដង ។ ការប្រកួតស្ថិតក្នុងលក្ខណៈតឹងតែងតែការវ៉ៃចេញរបស់ សេរី វ៉ាន់ថង មានប្រៀបលើគូប្រកួតគ្រប់ទឹកតែម្ដង។ បន្ទាប់ពីចប់ការប្រកួតចៅក្រមទាំង៥សុទ្ធតែផ្ដល់ពិន្ទុឱ្យ សេរី វ៉ាន់ថង ឈ្នះគ្រប់ៗគ្នា ៕