យោងតាមរបាយការណ៍នៅអេស្ប៉ាញបានឱ្យដឹងថា លោក Tite អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិប្រេស៊ីលបានក្លាយជាអ្នកប្រជែងសម្រាប់តួនាទីអ្នកចាត់ការទូទៅរបស់ក្លិបយក្សអេស្ប៉ាញ Real Madrid ទាំងដែលពេលនេះ Tite គាត់កំពុងរៀបចំខ្លួនសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅឯប្រទេសរុស្ស៊ី។ ហើយបើយោងតាមកសែត AS បានបង្ហើបឲ្យដឹងថាបុរសវ័យ ៥៧ ឆ្នាំរូបនេះកំពុងត្រូវបានគេចាត់ទុកជាបេក្ខភាពគ្រូបង្វឹកមួយរូបដែល Real ចង់បានយកមកជំនួសកន្លែងលោក Zinedine Zidane ដែលបានលាលែងពីតំណែងកាលពីថ្មីៗកន្លងទៅ ក្រោយពីជួយឲ្យក្រុមនៃលីកកំពូលរបស់អេស្ប៉ាញមួយនេះលើកពាន Champions League រួច។
ការបង្វែរគោលដៅរបស់ Real Madrid ទៅរកលោក Tite បានកើតឡើង បន្ទាប់ពីទទួលបានចម្លើយបដិសេធពីលោក Mauricio Pochettino ដែលបានចុះហត្ថលេខាបន្តកុងត្រា ៦ ឆ្នាំជាមួយ Tottenham Hotspur និងគ្រូបង្វឹកលោក Massimiliano Allegri របស់ក្រុម Juventus ។ ទន្ទឹមគ្នានេះដែរគ្រូបង្វឹកជនជាតិអ៊ីតាលីចំនួន ២ រូប Antonio Conte និង Maurizio Sarri ក៏ត្រូវបានលោក Florentino Perez ប្រធានក្លិប Real Madrid ចាប់អារម្មណ៍ចង់ហៅឲ្យមកដឹកនាំក្លិបរបស់ខ្លួនផងដែរ ប៉ុន្តែលោក Perez ចង់រកឲ្យបានអ្នកចាត់ការថ្មីម្នាក់ឲ្យបានមុនការប្រកួតពាន World Cup ឆ្នាំ ២០១៨ នេះ។
លោក Tite មានបទពិសោធន៍ច្រើនជាង ២៥ ឆ្នាំជាមួយការងារដឹកនាំ ប៉ុន្តែភាគច្រើននៃពេលវេលាទាំងនោះគឺគាត់ចំណាយជាមួយក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមនៅលីកកំពូលរបស់ប្រេស៊ីល។ ហើយមុនពេលមកដឹកនាំជម្រើសជាតិ គាត់ធ្លាប់បានដឹកនាំក្រុម Internacional និងបានចំណាយពេល ២ ឆ្នាំជាមួយក្រុម Corinthians ដែលសុទ្ធតែជាក្រុមនៅលីកប្រេស៊ីល។ យ៉ាងណាមិញលទ្ធភាពនៃការនាំយក Tite ទៅ Real Madrid ក៏អាចជាមធ្យោបាយនៃការអូសទាញខ្សែប្រយុទ្ធ Neymar ឲ្យផ្ទេរទៅទីនោះផងដែរ ខណៈដែលពេលនេះពាក្យចរចាមកំពុងផ្សាភ្ជាប់កីឡាករនៃក្រុមជម្រើសជាតិប្រេស៊ីលរូបនេះជាខ្លាំងជាមួយការផ្ទេរទៅទឹកដី Bernabeu ។
ប្រែសម្រួល ៖ ភក្ដី