កីឡាករ Paulo Dybala ចង់ឲ្យខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម Manchester United មកសហការជាមួយខ្លួនជាថ្មីម្ដងទៀតនៅ Juventus ។ Pogba បានផ្ទេរចេញពីក្លិបយក្សរបស់អ៊ីតាលីទៅចុះចូលក្រុម United ជាមួយនឹងតម្លៃខ្លួនផ្ទេរ ១០៥ លានអឺរ៉ូកាលពីឆ្នាំ ២០១៦ ប៉ុន្តែគាត់បានជួបការលំបាកសម្រាប់ស្ថិរភាពនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស “Premier League” ។
ហើយកីឡាករបារាំងវ័យ ២៥ ឆ្នាំរូបនេះត្រូវបានលោក Jose Mourinho អ្នកចាត់ការរបស់ United មិនសូវអើពើ ខណៈដែលមានសេចក្ដីរាយការណ៍មកថាទំនាក់ទំនងរវាងគ្រូ និងសិស្សទាំង ២ នាក់នេះមានការប្រះឆា និងបណ្ដាលឲ្យមានពាក្យចរចាមអារ៉ាមផ្សាភ្ជាប់គាត់ទៅនឹងការត្រលប់ទៅក្រុមម្ចាស់ជើងឯកនៃលីកកំពូលរបស់អ៊ីតាលីវិញ។ ចំណែក Dybala អតីតមិត្តរួមក្រុមរបស់ Pogba កាលនៅ Juventus បានសារភាពថាគាត់ចង់ឲ្យ Pogba ត្រលប់ទៅលេងរួមក្រុមជាមួយខ្លួនម្ដងទៀត។
“ខ្ញុំរីករាយខ្លាំងណាស់ពេលបានឮថា Pogba គាត់ប្រហែលជានឹងត្រលប់មក Juventus វិញ។” Dybala ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំនៃក្រុមជម្រើសជាតិអាហ្សង់ទីនបាននិយាយ។ “បើចឹងមែននោះយើងនឹងមិនចាំបាច់និយាយគ្នាតាមវីដេអូទៀត ហើយយើងនឹងអាចត្រលប់ទៅកាន់ទីលានហ្វឹកហាត់ជាមួយគ្នាម្ដងទៀត។ ខ្ញុំមានអារម្មណ៍ថាស្រស់ថ្លាល្អណាស់ ពេលបង្ហាញខ្លួនលើទីលានប្រកួតជាមួយគាត់។ មានរឿងជាច្រើនរវាងពួកយើងទាំង ២ ហើយយើងក៏មានទំនាក់ទំនងល្អផងដែរនៅខាងក្រៅ។”
ប្រែសម្រួល ៖ ភក្ដី