ក្លិប​យក្ស​របស់​អ៊ីតាលី​ Juventus ទិញ​បាន​អ្នក​ចាំ​វ័យ​ក្មេង​មួយ​រូប​យក​ទៅ​ជំនួស​ Buffon

0
334

ក្លិប​យក្ស​របស់​អ៊ីតាលី​ Juventus បាន​ចុះ​ហត្ថលេខា​ទិញ​អ្នក​ចាំទី​ Mattia Perin ពី​ក្រុម​នៅ​ក្នុង​លីក​ជាមួយ​គ្នា​ Genoa ដើម្បី​យក​ទៅ​​ជំនួស​កន្លែង​អ្នក​ចាំទី​ Gianluigi Buffon ដែល​បាន​​​ប្រកាស​ចូល​និវត្តន៍​​​ ក្រោយ​​​ពី​បង្ហាញ​ខ្លួន​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​លីក​​កំពូល​​របស់​អ៊ីតាលី​មួយ​នេះ​កាល​ពី​ ៣ សប្ដាហ៍​មុន​​។ Juventus បាន​ចំណាយ​ ១២ លាន​អឺរ៉ូ​ក្នុង​ការ​​ទិញ​យក​ Perin ដែល​បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៤ ឆ្នាំ​ជាមួយ​ពួក​គេ​។

​​​បុរស​វ័យ​​ ៤០ ឆ្នាំ​ Buffon ​បាន​ចំណាយ​ពេល​ ១៧ ឆ្នាំ​​លេង​នៅ​ Juventus ប៉ុន្តែ​គាត់​​ទំនង​ជា​នឹង​ទៅ​លេង​ឲ្យ​ក្លិប​​មួយ​ផ្សេង​ទៀត​ បន្ទាប់​ពី​អតីត​អ្នក​ចាំ​ទី​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ​បាន​ដូរ​​គំនិត​វិញ​ទាក់ទង​នឹង​ការ​​ហាល​ស្រោម​ដៃ​​​របស់​ខ្លួន​។ ចំណែក​អ្នក​ចាំ​ទី​ចំណូល​ថ្មី​របស់​ Juventus, Perin ដែល​ពេល​នេះ​ទើប​តែ​មាន​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​វិញ​បាន​ចំណាយ​ពេល​ ៨ ឆ្នាំ​ចាំ​ឲ្យ​ក្រុម​ Genoa ដែល​បាន​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​ ១២ ក្នុង​តារាង​នៃ​ក្របខ័ណ្ឌ​កំពូល​​របស់​អ៊ីតាលី​ «Serie A» ក្រោយ​​ពី​​ការ​បិទ​រដូវកាល​។

ទន្ទឹម​គ្នា​នេះ​ដែរ​ Juventus ដែល​​បាន​ចុះ​ហត្ថលេខា​ទិញ​យក​ខ្សែ​បម្រើ​ស្លាប​ Douglas Costa ពី​ក្រុម​ Bayern Munich ក្រោយ​ខ្ចី​ជើង​បាន​មួយ​រដូវកាល​មួយ​នេះ​ក៏​​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​ខ្សែ​បម្រើ​ Emre Can របស់​ក្រុម​ហង្ស​ក្រហម​ Liverpool ផង​ដែរ​ បន្ទាប់​ពី​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​​នេះ​​ប្រកាស​ថា​គាត់​នឹង​ចាក​ចេញ​ពី​ក្លិប​នា​រដូវក្ដៅ​នេះ​។

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here