Dele Alli មានក្ដីរំភើបរីករាយចំពោះការផ្លាស់ប្ដូរជាច្រើនដែលនឹងកំពុងកើតមាននៅក្នុងក្រុមមាន់ខ្នាយមាស Tottenham ក្នុងរយៈពេលដ៏ខ្លីខាងមុខ ខណៈដែលខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះពុំបដិសេធឡើយចំពោះការផ្លាស់ចេញឆ្ងាយពីក្រុមនៃលីកកំពូលរបស់អង់គ្លេសមួយនេះនៅថ្ងៃណាមួយ ចំពេលដែលមានពាក្យចរចាមអារ៉ាមជាច្រើនបានផ្សាភ្ជាប់គាត់ជាមួយក្លិបយក្សរបស់អេស្ប៉ាញ Real Madrid និងអ្នកមានបុណ្យ Barcelona ។
ចាប់តាំងពីការចាកចេញពីក្រុម MK Dons កាលពី ៣ ឆ្នាំមុន Alli បានក្លាយជាកីឡាករសំខាន់មួយរូបសម្រាប់ Tottenham និងជម្រើសជាតិអង់គ្លេស បើទោះបីជារដូវកាលមុនគាត់បានជួបការលំបាកក្នុងការឈរជើងលើទីលានប្រកួតញឹកញាប់។ ហើយទន្ទឹមនឹងនោះ Barcelona និង Real Madrid ក៏ដូចជាក្រុមបិសាចក្រហម Manchetser United ត្រូវបានគេផ្សាភ្ជាប់ជាមួយ Alli មុនពេលយុទ្ធនាការប្រកួតត្រៀមព្រឹត្តិការណ៍ World Cup ។
ផងដែរនោះ Alli បានសារភាពថាគាត់មិនដឹងទេថាថ្ងៃក្រោយទៅនឹងមានអ្វីកើតឡើងចំពោះអនាគតរបស់ខ្លួន ប្រសិនបើមានក្លិបយក្សមួយនៅអឺរ៉ុបទាក់ទងចង់បាន។ “ខ្ញុំមិនដែលនិយាយបដិសេធចំពោះរឿងគ្រប់យ៉ាងនោះទេ។” គាត់បានថ្លែងប្រាប់ទស្សនាវដ្ដី៍ ES Magazine ។ “ហើយយើងមិនអាចដឹងបានទេថានឹងមានអីកើតឡើងនៅក្នុងពិភពបាល់ទាត់។ យ៉ាងណាក៏ដោយខ្ញុំនៅសល់កុងត្រា ២ ៣ ឆ្នាំទៀតជាមួយ Tottenham ដែលជាក្លិបមួយមានក្រុមកីឡាករក្មេងៗ អ្នកចាត់ការក្មេង និងកីឡដ្ឋានថ្មីមួយ ដូច្នេះវាជាកន្លែងដ៏អស្ចារ្យមួយ។”
ប្រែសម្រួល ៖ ភក្ដី