លោក Massimiliano Allegri ត្រូវបានគេរាយការណ៍ឲ្យដឹងថាគាត់បានបដិសេធការទៅដឹកនាំក្រុមយក្សស Real Madrid ខណៈដែលគ្រូបង្វឹកនៃក្រុមខ្លាំងនៅលីកអ៊ីតាលី Juventus រូបនេះត្រូវបានគេដឹងថាជាបេក្ខភាពមួយរូបដែលត្រូវបានលោក Florentino Perez ចង់ទាក់ទងដើម្បីឲ្យទៅកាន់តំណែងនៅកីឡដ្ឋាន Bernabeu ជំនួសអ្នកចាត់ការចាស់ លោក Zinedine Zidane ដែលបានរត់ចោលកៅអីកាលពីថ្មីៗកន្លងទៅ។ ហើយការបដិសេធនឹងសំណើរបស់ Real Madrid ពីសំណាក់លោក Allegri គឺត្រូវបានលួចបង្ហើបប្រាប់ដោយវិទ្យុអេស្ប៉ាញ Cadena SER ។
ទន្ទឹមនឹងនោះកាសែត Gazzetta dello Sport ក៏បានឲ្យដឹងផងដែរថាគ្រូបង្វឹកជនជាតិអ៊ីតលីវ័យ ៥០ ឆ្នាំរូបនេះមានបំណងបន្តរួមរស់ជាមួយក្រុម Juventus ដោយមិនខ្វល់ពីការចង់ចាកចេញអ្វីឡើយ។ ហើយប្រភពដដែលបានឲ្យដឹងទៀតថាលោក Perez ពុំបានបង្ហាញបំណងចង់របស់ខ្លួនទៅកាន់លោក Allegri ដោយផ្ទាល់ទេ គឺគាត់បានទាក់ទងតាមរយៈអតីតនាយកក្លិប AC Milan លោក Adriano Galliani ប៉ុន្តែ Allegri បានបញ្ជាក់ថាគាត់គ្មានបំណងចាកចេញពីក្រុមយក្សនៃលីកកំពូលរបស់អ៊ីតាលីមួយនេះទេ។
ដំណឹងនៃការបដិសេធរបស់លោក Allegri អាចជាដំណឹងល្អសម្រាប់បេក្ខភាពគ្រូបង្វឹកផ្សេងទៀតដែលត្រូវបានគេផ្សាភ្ជាប់ជាមួយ Real Madrid ដែលមានដូចជា ៖ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger និងលោក Mauricio Pochettino គ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុមមាន់ខ្នាយមាស Tottenham ខណៈដែលគ្រូបង្វឹកថ្នាលយុវជន Real Madrid លោក Guti ក៏ស្ថិតក្នុងចំណោមនោះផងដែរ។
ប្រែសម្រួល ៖ ភក្ដី