ក្រុមបិសាចក្រហម Manchester United បានប្រកាសថាពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុម Shakhtar Donetsk ក្នុងការចុះហត្ថលេខាទិញខ្សែបម្រើប្រេស៊ីល Fred ខណៈដែលកីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានគេរំពឹងទុកថាអាចនឹងមានតម្លៃខ្លួនប្រមាណជា ៥២ លានផោន និងការចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយកីឡដ្ឋាន Old Trafford ។ Fred បានបញ្ចប់លក្ខខណ្ឌផ្ទាល់ខ្លួនមួយចំនួននៅឯទីស្នាក់ការរបស់ Man Utd ក្នុងទីក្រុងឡុងដ៍ និងបានធ្វើតេស្ដសុខភាពនៅឯទីលានហ្វឹកហាត់ Carrington កាលពី ២៤ ម៉ោងមុន។ ហើយគាត់ត្រូវបានអនុញ្ញាតឲ្យចាកចេញពីជំរុំនៃក្រុមកីឡាករប្រេស៊ីលដើម្បីមកបញ្ចប់កិច្ចព្រមព្រៀងជាមួយ Man Utd ក្រោយពីជម្រើសជាតិប្រេស៊ីលបានប្រកួតមិត្តភាពឈ្នះជម្រើសជាតិក្រូអាតនៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យកន្លងទៅ។
ហើយអតីតកីឡាកររបស់ក្រុម Internacional រូបនេះគឺនឹងក្លាយជាកីឡាករដំបូងគេដែលត្រូវបានលោក Jose Mourinho ចុះហត្ថលេខាទិញសម្រាប់រដូវកាលដោះដូរកីឡាករនៃរដូវក្ដៅឆ្នាំនេះ នៅពេល Man Utd ទទួលបានឯកសារចាំបាច់ពី Shakhtar Donetsk និងសហព័ន្ធកីឡាករបាល់ទាត់ប្រេស៊ីល។
“Manchester United មានក្ដីរំភើបរីករាយក្នុងការប្រកាសឲ្យដឹងថាពួកយើងបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយ Shakhtar Donetsk សម្រាប់ការដោះដូរកីឡាករ Frederico Rodrigues de Paula Santos ។” Man Utd បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃអង្គារ។ “សេចក្ដីប្រកាសបន្ថែមទៀតនឹងត្រូវបានធ្វើឡើងតាមពេលកំណត់។”
លើសពីនោះលោក Mourinho មានបំណងចុះហត្ថលេខាទិញខ្សែការពារស្លាបស្ដាំ Diogo Dalot របស់ក្រុម Porto ដែលត្រូវបានគេចាត់ទុកជាអ្នកស្នងតំណែងកីឡាករ Antonio Valencia ។ ហើយផងដែរនោះ Mourinho ក៏បានចាប់អារម្មណ៍លើខ្សែការពារ Toby Alderweireld ដែលនឹងត្រូវបាន Tottenham លក់ចេញក្នុងតម្លៃសមរមមួយ។
ប្រែសម្រួល ៖ ភក្ដី