កីឡាករ Kylian Mbappe ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Paris Saint Germain បានពោលសរសើរខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele របស់ក្រុមអ្នកមានបុណ្យ Barcelona ថាជាកីឡាករក្មេងល្អបំផុតលើពិភពលោក បន្ទាប់ពីការបង្ហាញទម្រង់លេងលេចធ្លោអំឡុងពេលបារាំងប្រកួតមិត្តភាពជាមួយអ៊ីតាលី។
Mbappe និង Dembele បានសហការគ្នាក្នុងប្រព័ន្ធប្រយុទ្ធជាមួយខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Atletico Madrid នៅក្នុងជំនួបខាងលើដែលបារាំងបានយកឈ្នះអ៊ីតាលីដែលបានខកខានឱកាសឡើងទៅ World Cup ដោយលទ្ធផល ៣-១ នាទីក្រុង Nice ។
ក្នុងប្រកួតនោះដែរ Dembele បានរកគ្រាប់បាល់បញ្ចូលទីឲ្យបារាំងមួយគ្រាប់ និងក៏ជាគ្រប់ទីបីរបស់បារាំងផងដែរ ខណៈដែល Mbappe ដែលត្រូវបានគេចាត់ទុកជាកីឡាករវ័យក្មេងល្អបំផុតលើពិភពលោកដែរនោះគិតថា Dembele គួរតែទទួលបានងារកីឡាករវ័យក្មេងល្អបំផុតនេះទើបសម។ “វាគឺជាភាពជាដៃគូដ៏ជោគជ័យមួយ។” Mbappe បាននិយាយ។ “យើងចុះសម្រុងគ្នាល្អណាស់ ហើយយើងកោតសរសើរចំពោះគ្នាទៅវិញទៅមក។ ខ្ញុំតែងតែចង់លេងជាមួយកីឡាករល្អៗ។ ហើយខ្ញុំមានកីឡាករកំពូលៗចំនួន ២ រូបលេងក្បែរខ្ញុំ ដែលពួកគាត់នោះគឺ Griezmann កីឡាករមួយរូបក្នុងចំណោមកីឡាករល្អបំផុតទាំង ១០ និង Dembele កីឡាករវ័យក្មេងល្អបំផុតលើពិភពលោកសម្រាប់ខ្ញុំ។”
Dembele បានអត់ទ្រាំនឹងភាពលំបាកក្នុងការចាប់ផ្ដើមរដូវកាលដំបូងរបស់ខ្លួនជាមួយ Barcelona បន្ទាប់ពីការផ្ទេរ ១០៥ លានអឺរ៉ូ ចេញពី Borussia Dortmund កាលពីចុងខែសីហាឆ្នាំទៅ។
ផ្ទេរមកមិនទាន់បានប៉ុន្មានផង នៅខែកញ្ញាកីឡាករវ័យ ២១ ឆ្នាំរូបនេះបានរងរបួស ហើយក៏ត្រូវនៅក្រៅទីលានប្រកួតរហូតដល់ខែមករាទើបអាចចូលលេងបានវិញ និងតែងតែត្រូវបានលោក Ernesto Valverde គ្រូបង្វឹក Barcelona ដាក់ឲ្យជាប់ជម្រើស ១១ នាក់ដំបូងជាញឹកញាប់។
ទន្ទឹមនឹងពាក្យចរចាមអារ៉ាមនៃការផ្សាភ្ជាប់ Barcelona ជាមួយការផ្ទេរ Griezmann ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ ក៏មានប្រភពខ្លះលួចបង្ហើបថាក្លិបនៃលីកកំពូលរបស់អេស្ប៉ាញមួយនេះអាចនឹងឲ្យ Dembele ទៅក្លិបផ្សេងខ្ចីជើង ខណៈដែលក្រុមចំនួន ២ នៅលីកកំពូលរបស់អង់គ្លេសគឺក្រុមកាំភ្លើងធំ Arsenal និងក្រុមហង្សក្រហម Liverpool ចាប់អារម្មណ៍ចង់បានគាត់។
ប្រែសម្រួល ៖ ភក្ដី