(កីឡា) អំឡុងសន្និសីទសារព័ត៌មាន នៅការិយាល័យកណ្តាលសហព័ន្ធបាល់ទាត់ប្រេស៊ីល នៅក្នុងទីក្រុង Rio de Janeiro កីឡាករវ័យ២៥ឆ្នាំម្នាក់នេះ បាននិយាយថា សមត្ថភាពរាងកាយរបស់លោកមិនថ្វីទេ ប្រអប់ជើងរបស់លោកក៏មិនចោទជាបញ្ហាដែរ លោកនឹងបត់បែននឹងរឿងរ៉ាវថ្មីៗ ហើយលោកហាក់ដូចជាមានអារម្មណ៍មិនសូវស្រួលខ្លះៗ ប៉ុន្តែវាមិនមែនជាអ្វីមួយដែលនឹងធ្វើឲ្យលោកមានបញ្ហាច្រើននោះទេ ។
កាលពីថ្ងៃអាទិត្យម្សិលមិញនេះ តារាស៊ូពើស្តារបស់ក្លិបយក្សបារាំងPSG កីឡាករ Neymar បាននិយាយទទួលស្គាល់ថា លោកមិនទាន់មានសមត្ថភាពលេង១០០ភាគរយនោះទេ ក្រោយហ្វឹកហាត់រយៈពេល១សប្តាហ៍ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល អំឡុងការត្រៀមខ្លួនសម្រាប់ World Cupរបស់ពួកគេ ។
ខ្សែប្រយុទ្ធម្នាក់នេះ បាននិយាយថា លោកមានអារម្មណ៍មិនទាន់ស្រួលបួលនៅឡើយទេ នៅត្រង់ប្រអបជើងស្តាំរបស់គាត់ ប៉ុន្តែលោកមានជំនឿថា លោកនឹងល្អប្រសើរជាងនេះ សម្រាប់ការប្រកួតនៅប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ។
នៅពេលសួរថា តើគាត់មានអារម្មណ៍បែបណានាពេលបច្ចុប្បន្ននេះ កីឡាករ Neymar បានឆ្លើយថា លោកមានអាម្មណ៍មិនទាន់ស្រួល១០០ភាគរយនៅឡើយទេ ប៉ុន្តែវាគឺជារឿងធម្មតាទេ កាលដែលយើងមានក្តីកង្វល់ខ្លះៗ ចំពោះសមត្ថភាពលេងរបស់ខ្លួន៕