ភ្នំពេញ៖ ស្របទៅនឹងការអភិវឌ្ឍយ៉ាងលឿន នៃវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញមានក្រុមហ៊ុនជាច្រើនបាន និងកំពុងបន្តបើកជាបន្តបន្ទាប់ព្រោងព្រាត ដើម្បីទាញយក ផលប្រយោជន៍ពីវិស័យមួយនេះ ខណៈដែលគេដឹងយ៉ាងច្បាស់ថា នៅក្នុងវិស័យមួយនេះ ហាក់នៅមាន ភាពខ្វះខាត់លើផ្នែកធនធានមនុស្សជាខ្លាំង ។
ក្រុមអ្នកជំនាញជាតិ អន្តរជាតិ បាននិយាយថា ធនធានមនុស្សនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា កំពុងតែជួបការខ្វះខាត ដោយសារវិស័យសំណង់ និងអចលនទ្រព្យមានការរីកចម្រើនយ៉ាងគំហុកក្នុងរយៈពេល ១ ទសវត្សរ៍ ចុងក្រោយនេះ ។
ប្រធានសមាគមអ្នកជំនាញអ្នកចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានលើកឡើងថា វិស័យអចលនទ្រព្យគឺមានវិសាលភាពធំធេងណាស់ ដែលវាមិនមែនត្រឹមតែការទិញ លក់ ឬជួល នោះទេ តែវានៅមានច្រើនផ្នែក ច្រើនសណ្ឋានទៀតដែលស្ថិតនៅក្នុងវិស័យអចលនទ្រព្យ។
លោកបានបញ្ជាក់ទៀតថា ៖ «ស្របពេលដែលកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យអចលនទ្រព្យ យើងឃើញថាមានក្រុមហ៊ុនជាច្រើនបានកើតមានជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានទាំងក្រុមហ៊ុនបរទេស និងក្រុមហ៊ុនអ្នកនៅក្នុងស្រុក ហើយភាគច្រើនជាក្រុមហ៊ុនដែលធ្វើប្រតិបត្តិការទៅលើសេវាក្នុងនាមជាភ្នាក់ងារ»។
លោកថា ៖ «នៅក្នុងចំណោមក្រុមហ៊ុនទាំងនោះ ខ្លះក៏ជោគជ័យ ខ្លះក៏នៅទ្រឹង ហើយខ្លះទៀតក៏បរាជ័យរហូតបិទទ្វារទៅវិញក៏មាន ដែលបណ្តាលមកពីភាពខ្វះចំណេះដឹង និងជំនាញនៅក្នុងវិស័យនេះ។
ដោយឡែកសម្រាប់ដែលមានចំណេះដឹងលើផ្នែកនេះក៏មិនសូវជាសម្បូរច្រើនណាស់នោះដែរ ដែលភាគតិចណាស់ពួកគាត់ទៅស្វែងសិក្សាចំណេះដឹងទូទៅ និងជំនាញលើវិស័យមួយនេះនៅបរទេស ឬអ្នកខ្លះក៏ទទួលបានចំណេះដឹងបន្តពីបណ្តាញអ្នកវិនិយោគរួមគ្នាដែលជាជនជាតិបរទេស ហើយមករកស៊ីនៅកម្ពុជា»។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានទទូចដល់អ្នកដែលមានបំណងវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ គម្បីត្រូវមានចំណេះដឹងពាក់ព័ន្ធនឹងវិស័យមួយនេះឱ្យបានទូលាយជាមុនសិន ជាពិសេស ជ្រើសរើសធនធានមនុស្សដែលមានជំនាញពិតប្រាកដយកមកបម្រើការងារ ចៀសវាងធ្វើឡើងទាំងភាពមិនច្បាស់ការណ៍ ឬធ្វើឡើងតាមគ្នា ដែលអាចនាំឱ្យជួបហានិភ័យនៅក្នុងមុខជំនួញមួយនេះ។
លោក Daniel Tan ប្រធានក្រុមប្រឹក្សាកម្មវិធីសិក្សារបស់វិទ្យាស្ថានបច្ចេកទេស Royal chartered ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអចលនទ្រព្យ និងជាសមាជិករបស់ RICS មានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យមិនតិចជាង ៤០ឆ្នាំនោះក៏បានលើកឡើងផងដែរថា វិស័យអចលនទ្រព្យ គឺត្រូវបានបែងចែកជាច្រើនផ្នែកផ្សេងៗពីគ្នា ដែលក្រៅពីការគ្រប់គ្រងលើការវិនិយោគ គ្រប់គ្រងលើការសាងសង់ ការតំហែរទាំ គ្រប់គ្រងលើការធ្វើទីផ្សារ គ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុជាដើមនោះ វានៅមានផ្នែកដទៃជាច្រើនទៀត ដែលសុទ្ធតែមានសារសំខាន់ទាំងអស់ ដែលចាំបាច់ត្រូវតែសិក្សាលម្អិតឱ្យបានច្បាស់មុនពេលចូលខ្លួនមកប្រឡូកនៅក្នុងវិស័យអលចនទ្រព្យ។
លោកបានបញ្ជាក់ទៀតថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ថ្វីតែកំពុងតែមានភាពរីកចម្រើនលើវិស័យអចលនទ្រព្យក៏ពិតមែន ប៉ុន្តែវាមានភាពខ្វះខាតខាងផ្នែកធនធានមនុស្សយ៉ាងខ្លាំង ដែលសូម្បីតែសាលាបណ្តុះបណ្តាលជំនាញលើវិស័យនេះនៅមិនទាន់មាននៅឡើយ ៕ប្រភពPropertis