សូមស្វែងយល់ពី ដើមកំណើតដំបូងបង្អស់ សុរា គឺទឹកស្រវឹង

0
880

មាន​រឿង​តំណាល​ក្នុង​គម្ពីរ​ជាតក​ខាង​ពុទ្ធ​សាសនា​ថា កាល​ពី​បុរាណ​ព្រេង​នាយ​យូរ​អង្វែងហើយ មាន​ព្រាន​ព្រៃ​ម្នាក់​ឈ្មោះ សុរៈ (ជា​អ្នក​មធ្យម​ប្រទេស) បាន​ឃើញ​ពួក​សត្វ​បក្សី​មក​ប្រជុំ​គ្នា​ផឹក​ទឹក​ដែល​ដក់​នៅ​ប្រឡង់​ប្រគាប​ ឈើ​ធំ​មួយ​ក្នុង​ព្រៃ ហើយ​ស្រវឹង​ធ្លាក់​ចុះ​មក​កកែ ល្ងីល្ងើ​ហើរ​ឡើង​មិន​រួច, ព្រាន​នឹក​សង្ស័យ​ក៏​ពាក់​បង្អោង​ឡើង​ទៅ​សង្កេត​មើល​ឃើញ​ទឹក​មាន​គ្រាប់​ឈើ​ ច្រើន​ប្រភេទ និង​គ្រាប់​ធញ្ញជាតិ​ខ្លះ​ត្រាំ​នៅ​ក្នុង​នោះ, គាត់​កេវ​ស្លឹក​ឈើ​ដួស​ក្រេប​ផឹក​ល្បង​មើល ក៏​ព្រឺ​ខ្លួន​ខ្ញាក​ៗ, លុះ​ក្រេប​ផឹក​ថែម​ហើយ​ថែម​ទៀត​ក៏​ស្រវឹង នឹក​ចង់​បរិភោគ​សាច់​សត្វ, ចុះ​មក​សម្លាប់​បក្សី​ទាំង​នោះ​អាំង​បរិភោគ មាន​រស​ឆ្ងាញ់ ប្លែក​ជាង​សព្វ​ដង;… ដល់​ថ្ងៃ​ក្រោយ បាន​នាំ​តាបស​មួយ​រូប​ឈ្មោះ វរុណៈ ឲ្យ​ផឹក​ទឹក​ត្រាំ​នោះ​ល្បង​មើល, វរុណៈ​ក៏​ស្រវឹង​នឹក​ចង់​បរិភោគ សាច់​សត្វ​ដែរ; ចាប់​ដើម​តាំង​ពី​នោះ​មក វរុណៈ​និង​សុរៈ​ចូល​ដៃ​គ្នា​ពេញ​ទី។

លុះ​ចំណេរ​កាល​ត​មក សុរៈ​និង​វរុណៈ​បាន​នាំ​យក​ទឹក​ត្រាំ​នោះ​មក​ផ្សាយ​ក្នុង​ស្រុក ពួក​មនុស្ស​ក៏​ចេះ​ផ្សំ​គ្រឿង​ត្រាំ​ធ្វើ​ឲ្យ​កើត​ជា​ទឹក​ស្រវឹង​ហៅ​ថា សុរា តាម​ឈ្មោះ​ព្រាន​ព្រៃ​ដែល​ជា​អ្នក​នាំ​អាទិ៍​មុន​គេ​បង្អស់ អ្នក​ស្រុក​ខ្លះ​ហៅ​ថា វារុណី តាម​ឈ្មោះ​តាបស​ទ្រុស្ដ​សីល ដែល​ជា​បុរស​ទី​ពីរ​ចូល​ដៃ​ជា​មួយ​នឹង​ព្រាន​ព្រៃ។

កាល​ជាន់​នោះ ពួក​មនុស្ស​ចេះ​ធ្វើ​សុរា ឬ​វារុណី​នេះ​ត្រឹម​តែ​ទឹក​ត្រាំ​ដោយ​គ្រឿង​ផ្សំ​ផ្សេង​ៗ (ជា​មេរ័យ) ប៉ុណ្ណោះ, សម្រាប់​ពួក​សេនា​ទាហាន​ប្រើ​ច្រើន​ជាង​សាធារណ​ជន; លុះ​ចំណេរ​កាល​ត​រៀង​ៗ​មក​មនុស្ស​ទាំងឡាយ​ក្នុង​សាកល​លោក​ចេះ​តែ​បែក​គំនិត​ ធ្វើ​សុរា​បាន​ច្រើន​បែប​ឡើង, ដរាប​ដល់​មក​សម័យ​សព្វ​ថ្ងៃ​នេះ សុរា​ក៏​រឹងរឹត​តែ​ចម្រើន​មាន​ច្រើន​យ៉ាង​ឡើង​ទៀត៕ ប្រភពព្រេងនិទាន ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here