មិនដែលបានស្គាល់ព្រះភ័ក្ត្រព្រះអង្គច្បាស់ដូច្នេះទេ តែគំនិតព្រះអង្គស្គាល់ច្បាស់ណាស់….អ្នកបដិវត្តគំនិតជំនាន់ដើម អ្នកប្រាជ្ញអង្គនេះ ត្រូវបានគេចាត់ទុកថា ជាព្រះសង្ឃជឿនលឿន និងនាំមុខគេ ក្នុងការស្វែងយល់ និងបញ្ចេញគំនិតទំនើប មានលក្ខណ:វិទ្យាសាស្រ្ត នៅប្រទេសកម្ពុជា ចាប់ពី បណ្តាទសវត្សឆ្នាំ ១៩៤០-១៩៧៥។ លោកហេងមណីចិន្តា អតីតព្រះសង្ឃខ្មែរ ដ៏ល្បីល្បាញមួយអង្គ និងជានិស្សិតបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Harvard របស់អាមេរិកបានបញ្ជាក់ថា កិត្តិនាម របស់ព្រះតេជគុណខៀវជុំ គឺត្រូវបានមហាអ្នកប្រាជ្ញថៃ ទទួលស្គាល់យ៉ាងសុះសាយ បន្ទាប់ពី ពួកគេបានសិក្សាស្វែងយល់ ពីសៀវភៅជាច្រើន ដែលសរសេរដោយ អ្នកប្រាជ្ញដ៏មហិមា មួយអង្គនេះ។
ព្រះភិក្ខុ ខៀវជុំ ជាធម្មកថិក គ្មានពីរនៅកម្ពុជា ជាវាគ្មិន ដ៏ពូកែពន្យល់អស្ចារ្យ ជាជនស៊ីជម្រៅ ជាមនុស្សប្រកបដោយបញ្ញាញាណ និង ជាអ្នកបដិវត្តន៍ ក្នុងព្រះផ្នួស។ ទាំងនេះ គឺជាគុណសម្បត្តិ ដ៏ច្រើនលើសលប់ ដែលខ្មែរជំនាន់ថ្មី កម្របានយល់ដឹង។ គ្រូបង្រៀន សាស្រ្តាចារ្យ អ្នករត់ស៊ីក្លូ មន្រ្តីរាជការ និងខ្មែរ ជាច្រើន ដែលធ្លាប់ បានស្គាល់ ធ្លាប់បានស្តាប់ ធម្មទេសនារបស់ព្រះតេជគុណ ខៀវ~ជុំ គ្មានអ្នកណាមួយថា មិនស្ងើចសរសើរព្រះអង្គ នោះឡើយ។ ពួកគេច្រើននិយាយថា នៅជំនាន់នោះ បើឮថា ព្រះអង្គនិមន្ត ទៅទេសនា នៅទីណាហើយ គឺទាំងអ្នកនយោបាយ និស្សិត បញ្ញវ័ន្ត អ្នករត់ស៊ីក្លូ ជាច្រើន នាំគ្នាអ៊ូអរ ធ្វើដំណើរតាមទៅស្តាប់ ហើយនៅក្នុងនោះក៏មានគិញសម្ងាត់ របស់សម្តេច នរោត្តម សីហនុ ដែលតែងតាមដានព្រះអង្គ ព្រមជាមួយគ្នាដែរ។
ដូចយើងដឹងស្រាប់ហើយ ព្រះតេជគុណ ខៀវ ជុំ គឺជាប្រជាជនបដិវត្តន៍ មួយអង្គ ដែលពុំមានទំនោរ ទៅរករបបរាជានិយមឡើយ ហេតុនេះហើយ ទើបសកម្មភាពរបស់លោក ត្រូវបាន គេតាមដាន ជាប់រហូត ហើយសូម្បីតែ ស្ថាប័នព្រះសង្ឃ ដែលយកចិត្តយកថ្លើម ព្រះមហាក្សត្រ រាប់ចាប់ពី សម្តេចព្រះសង្ឃរាជ ជាដើម ក៏មិនសូវពេញព្រះទ័យនឹងទង្វើ របស់ព្រះភិក្ខុ ខៀវ ជុំ ដែរ គឺយើងអាចសន្និដ្ឋានបានថា គេក៏មិនពេញចិត្តនឹង ទង្វើរបស់លោក ឯលោកក៏មិនដែលគាំទ្រ ពួកគេវិញដែរ។
ព្រះតេជគុណ ខៀវ ជុំ កើតនៅឆ្នាំ ១៩០៧ នៅភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ នៅអាយុ ១២ ឆ្នាំ ឪពុកម្តាយបានយកមកផ្ញើអោយនៅវត្ត ដើម្បីរៀនសូត្រអក្សរសាស្រ្ត។ នៅឆ្នាំ១៩២៤ ក្នុងអាយុ ១៧ឆ្នាំ យុវជនខៀវជុំ បានបួសជាសាមណេរ បានមករៀនសូត្របន្ត នៅវត្តលង្កា ទីក្រុងភ្នំពេញ នៅឆ្នាំ ១៩២៦ ក្រោយមក បានបួសជាភិក្ខុនៅឆ្នាំ ១៩២៨ ដោយមាន សម្តេចព្រះធម្មលិខិត ល្វី ឯម ជាព្រះគ្រូឧបជ្ឈាយ៍។ ក្នុងបណ្តាឆ្នាំ ១៩៤០ ព្រះអង្គបានចូលរួម ចលនាបដិវត្តន៍ ជាមួយព្រះអាចារ្យ ហែម ចៀវ ដើម្បីរំដោះប្រទេសខ្មែរ ពីអាណានិគមន៍បារាំង ហើយ បានភៀសខ្លួន ទៅនៅប្រទេសថៃ មួយរយ: ក្នុងឆ្នាំ ១៩៤៥ ដោយបានសរសេរ សៀវភៅមួយចំនួន នៅទីនោះ និង បានធ្វើសកម្មភាពតស៊ូ រួមជាមួយលោក ស៊ឺង ង៉ុកថាញ់ នៅភ្នំដងរែក ក្នុងមុខតួនាទី ជាអ្នករៀបចំ ទ្រឹស្តីចលនាតស៊ូ។ ព្រះអង្គខៀវជុំ បានត្រលប់មក ប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ១៩៤៩ បានសរសេរសៀវភៅ ប្រមាណជាជាង៣០ក្បាល ប៉ុន្តែ សព្វថ្ងៃនេះ សៀវភៅដែលយើង អាចរកបាន គឺ ប្រហែលជាជិត២០ក្បាល ប៉ុណ្ណោះ។ សៀវភៅដែលបង្ក ភាពចម្រូងចម្រាសជាងគេ នៅពេលនោះ គឺមានសៀវភៅ កម្ពុជវេយ្យាករណ៍ និង បញ្ហានរកសួគ៌ ដោយ ស្ថាប័នព្រះសង្ឃរាជ បញ្ជាឲ្យបិទ មិនឲ្យបោះផ្សាយបន្ត និង ឲ្យដើរប្រមូលពីបណ្ណាគារនានា ដើម្បីយកទៅដុតចោល លែងឲ្យមានចរាចណ៍ តទៅទៀត។
ជីវិតតស៊ូរើបម្រះពី គំនៀបទាំងឡាយជុំវិញខ្លួន រហូតតមក ធ្វើឲ្យព្រះអង្គ កាន់តែរឹងប៉ឹងឡើង ជាលំដាប់ ដោយគ្មាននរណាម្នាក់ អាច បញ្ឈប់ ឬ កាត់បន្ថយ សកម្មភាពព្រះអង្គបានឡើយ សូម្បីតែស្តេចគ្រប់គ្រងរាជ នៅក្នុងស្រុកខ្មែរ ដែលមានអំណាចលើសលប់ ក៏ដោយ។ គួរឲ្យសោកស្តាយ ដោយសារតែ របត់នយោបាយខ្មែរ ផ្លាស់ប្តូរទំហឹងខ្លាំងពេក ព្រះតេជគុណធម្មបាល ខៀវ ជុំ ត្រូវបានគេចាប់យកទៅធ្វើឃាដ នៅខេត្តកំពង់ឆ្នាំង នៅឆ្នាំ១៩៧៦៕