ភ្នំពេញ៖ ចាប់តាំងពីខែមីនា បន្តរហូតដល់ចុងខែមេសានេះ ភ្លើងអគ្គិសនី នៅទូទាំងប្រទេស ពិសេសនៅភ្នំពេញ ដាច់ព្រឹកល្ងាចៗ រាល់ថ្ងៃ ហើយតំបន់ខ្លះ ភ្លើងអគ្គិសនី ដាច់នៅពេលយប់ថែមទៀត។
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ នៅលើហ្វេសប៊ុក មានសារជាច្រើនត្រូវបង្ហោះ អមដោយវិក័យបត្រភ្លើង ឡើងថ្លៃ ១ជា២។ ក្នុងនោះ អ្នកលេងហ្វេសប៊ុកម្នាក់ លើកឡើងថា «ឃើញវិក្កយបត្រភ្លើងមកដល់ ចង់ញ័រប្លោក។ កាលមិនសូវដាច់អស់តែ 106400៛ ពេលដាច់មួយថ្ងៃ ៥ ទៅ ៦ ម៉ោង អស់ 285200៛។ ចាំខែក្រោយមិនជាមិចម៉ាទេ។ បើដាច់ ១ថ្ងៃ ៦ម៉ោង ហើយថែមយប់ ៤ ទៅ ៥ ម៉ោងទៀត។ សូមសរសើមន្ត្រីជំនាញ EDCហើយ»។
ប៉ុន្តែដល់ពេលចេញវិក័យបត្រ គិតលុយប្រចាំខែ បែរជាគីឡូភ្លើងអគ្គិសនីតាមផ្ទះជាច្រើន ឡើង ១ ជា ២ ទៅវិញ។ បញ្ហានេះ នាំឲ្យមហាជនបង្ហោះតាមហ្វេសប៊ុក រអ៊ូរទាំ និងសួរជាចំហរទៅកាន់អគ្គិសនីកម្ពុជា EDC។ តែ EDC បន្តសង្ងំស្ងៀមឈឹង និងប្រមូលលុយធ្វើដូចមិនមានរឿងអ្វីសោះ។
មកដល់ពេលនេះ មិនទាន់មានការបកស្រាយណាមួយ ចេញពីមន្ត្រីជំនាញអគ្គិសនីកម្ពុជា EDC ចំពោះករណីភ្លើងអគ្គិសនីដាច់រាល់ថ្ងៃ រាល់យប់ តែគីឡូឡើងបែបនេះ នៅឡើយទេ៕ប្រភពSwifnews