មានប្តីប្រពន្ធគំរូមួយគូ ល្បីល្បាញណាស់ រៀបការរួមរស់ជាមួយគ្នារយៈពេល៣០ឆ្នាំ ដោយមិនដែលឈ្លោះប្រកែកគ្នាសូម្បីតែមួយម៉ាត់។ ថ្ងៃមួយអ្នកកាសែតបានមកដល់ផ្ទះពួកគាត់ ដើម្បីធ្វើការសម្ភាសពីចំណុចពិសេស ដែលអាចថែរក្សាស្នេហាដ៏អស្ចារ្យមួយនេះ។
អ្នកកាសែត៖ តើអ្នកទាំងពីរមានវិធីសាស្ត្រអ្វី ដែលអាចធ្វើឱ្យអ្នកទាំងមិនដែលឈ្លោះគ្នាអស់រយៈពេល៣០ឆ្នាំកន្លងទៅនេះ?
ប្តី៖ ថ្ងៃទីមួយក្រោយពីរៀបការ ខ្ញុំបាននាំនាងមកផ្ទះខ្ញុំ ដើម្បីរស់នៅជាមួយគ្រួសារខ្ញុំ។ ពេលដើរចូលផ្ទះ ឆ្កែរបស់ខ្ញុំក៏ចេញមកព្រុសនាង ថែមទាំងរកខាំនាងទៀត តែនាងមិនបានធ្វើស្អីវាទេ គ្រាន់តែនាងរាប់ថា «លើកទីមួយ»។
ស្អែកឡើងនាងក៏បានទៅធ្វើការ ហើយដល់ល្ងាចមកវិញ ឆ្កែក៏រត់មកចង់ខាំនាងម្ដងទៀត។ នាងក៏មិនបានធ្វើស្អីវាដែរ គ្រាន់តែរាប់ថា «លើកទីពីរ»។
ថ្ងៃទីបីជាថ្ងៃអាទិត្យ ព្រឹកនោះនាងបានទៅផ្សារទិញម្ហូប ពេលត្រលប់មកវិញ ឆ្កែក៏លោតទៅចង់ខាំនាងម្ដងទៀត។ លើកនេះនាងមិនបាននិយាយអ្វីទាំងអស់ តែនាងបានដកកាំភ្លើងចេញពីកាបូប រួចក៏បាញ់សម្លាប់ឆ្កែហ្នឹងទៅ។
ពេលនោះខ្ញុំក៏រត់ចេញមកស្តីឱ្យនាងថា មនុស្សស្អីក៏កាចសាហាវម្ល៉េះ! សូម្បីតែសត្វឆ្កែក៏នាងសម្លាប់ដែរ។ មិនគួរណាខ្ញុំយកនាងធ្វើប្រពន្ធសោះ។
ពេលនោះនាងមិនបានធ្វើអ្វីទាំងអស់ នាងគ្រាន់តែរាប់ថា «លើកទីមួយ»។
ចាប់តាំងពីនោះមកពួកយើងទាំងពីររស់នៅមិនដែលឈ្លោះគ្នាទេ។
ប្រភព៖ អ្នកនិពន្ធវេទមន្ត