ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ (ឥណទានមាន ការប្រាក់ទាប) ដែលមានទឹកប្រាក់២៩.១លានអឺរ៉ូ ដែលស្មើនឹងប្រហែលជាង៣០លានដុល្លារអាមេរិក ដើម្បីយកទៅអនុវត្តន៍គ្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី។
ការចុះកិច្ចព្រមព្រៀងថ្មីនេះ នឹងធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួង ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ពី «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន៖ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍» នៅទីក្រុងប៉ារីស ប្រទេសបារាំង។
កិច្ចព្រមព្រៀងហិរញ្ញប្បទានមានការប្រាក់ទាបនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយលោក លោក Remi Riou នាយកគ្រប់គ្រងទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ អភិវឌ្ឍន៍ (AFD)។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «ក្រៅពីកិច្ចប្រជុំ តាមការគ្រោងទុក អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងទឹកប្រាក់ចំនួន ២៩.១លានអឺរ៉ូ ដែលគម្រោងនេះមានទិសដៅក្នុងការពង្រីក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនី ឲ្យមាន ការវិវន្តន៍ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើនក្នុងការគ្រប់គ្រង ប្រព័ន្ធបណ្តាញ អគ្គិសនីទាំងមូល ក៏ដូចជាបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា»។
សូមបញ្ជាក់ដែថា តបតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋបារាំង, នាល្ងាចថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់ ស្តីពី «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន៖ ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ (Sustainable Debt for Sustainable Growth: Sound Financing for Development)» នៅទីក្រុងប៉ារីស ប្រទេសបារាំង ។
កិច្ចប្រជុំជាន់ខ្ពស់នេះ នឹងមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ, ទេសាភិបាលធនាគារកណ្តាល, ប្រធានស្ថាប័នអន្តរជាតិ, ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងពីស្ថាប័នហិរញ្ញវត្ថុឯកជនធំៗ មកពីតាមបណ្តាប្រទេសប្រមាណ ៦០ លើពិភពលោករួមមាន៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំងដែលជាម្ចាស់ផ្ទះ, រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក, ជប៉ុន និងទេសាភិបាលធនាគារកណ្តាលចក្រភពអង់គ្លេសជាដើម។
ក្រោមប្រធានបទ «ចីរភាពបំណុល សម្រាប់ចីរភាពកំណើន: ចីរភាពហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍» កិច្ចប្រជុំ គ្រោងនឹងផ្តោតការពិភាក្សា ទៅលើប្រធានបទសំខាន់រួមមាន៖ យុទ្ធសាស្រ្តក្នុងការបំពេញតម្រូវការ ហិរញ្ញប្បទាន ដើម្បីជំរុញការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច របស់ប្រទេសនីមួយៗ និងសម្រេចបាន នូវ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដោយរួមទាំងហិរញ្ញប្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផងដែរ ព្រមទាំង វិធីសាស្រ្តដែលប្រទេស មានតម្រូវ ការហិរញ្ញប្បទាន សម្រាប់អភិវឌ្ឍន៍ អាចអនុវត្តបានដោយជៀសវាង នូវការជំពាក់ បំណុលច្រើនហួសហេតុ៕ប្រភពFreshnews