ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងប្រតិភូនៃទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដឹកនាំប្រតិភូក្រុមការងារភ្នាក់ងារ អង្គការសហប្រជាជាតិ ចូលជួបដើម្បីពិភាក្សាការងារ នៅវិមានសន្តិភាព។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយកិច្ចប្រជុំថា ក្នុងជំនួបនោះ លោកស្រី ផូលីន ថាមេស៊ីស បានគោរពជំរាបជូនសម្ដេចតេជោ ហ៊ុន សែន ថា អង្គការសហប្រជាជាតិ សូមសំដែងនូវការអបអរសាទរ ចំពោះការងារដែលបានអនុវត្តក្នុងឆ្នាំកន្លងមក។
ជំនួបរវាងភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល គឺមានការជួបគ្នាជារៀងរាល់ឆ្នាំក្នុងមួយឆ្នាំម្ដង ហើយនេះជាលើកទី៥ហើយ ដែលក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបប្រជុំជាមួយនឹងរាជរដ្ឋា ភិបាល។
នៅក្នុងកិច្ចប្រជុំនេះ អង្គការសហប្រជាជាតិ បានលើកឡើងនូវចំណុច៣៖ ទី១៖ ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គម, ទី២៖ ទិន្នន័យសម្រាប់ការអភិវឌ្ឍន៍ដោយចីរភាព និងទី៣៖ បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិ លើការអនុវត្តគោលដៅអភិវឌ្ឍន៍ ដោយចីរភាព នៅក្នុងទីក្រុងញូយ៉កខាងមុខនេះ។
ពាក់ព័ន្ធនឹងចំណុចទី១ កិច្ចគាំពារសង្គមករណីនេះ ប្រព័ន្ធអង្គការសហប្រជាជាតិ បានលើកឡើងនូវ៣ចំណុចទី១ ការសម្របសម្រួលរវាងស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធក្នុងការកសាងសមត្ថភាពទី២ គឺការគាំពារសង្គម និងហិរញ្ញវត្ថុ ទី៣ ការងារគាំពារសង្គមជាមួយនឹង ការអនុវត្តប្រកបដោយសមភាព។
ចំពោះការងារនេះ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រសួងមួយចំនួន ធ្វើការបកស្រាយរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនភ្នាក់ងារអង្គការសហប្រជាជាតិថា កម្ពុជាយើងកាលពីដើមឡើយ គឺមានភាពក្រីក្ររហូតដល់១០០% ហើយក៏មានការចាប់ផ្ដើមឡើងនូវការផ្ដល់នូវការគាំពារសង្គម ទៅដល់ស្ត្រីមានផ្ទៃពោះ បន្ទាប់មកដល់ស្ត្រីដែលធ្វើការនៅតាមរោងចក្រ។ បន្ទាប់មកទៀតដល់ស្ត្រីដែលមានភាពក្រីក្រ ហើយក៏បានធ្វើការមួយចំនួនថែមទៀតផង រួមទាំងការកាត់បន្ថយតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជីកអណ្តូងទឹក ស្រះទឹកជាដើម នោះសោតសុទ្ធសឹងតែជាកិច្ចគាំពារសង្គមតែម្ដង។
ចំណុចទី២ ពាក់ព័ន្ធនឹងទិន្នន័យសម្រាប់ការអភិវឌ្ឍ ដែលករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រសួង៤ ធ្វើការបកស្រាយរួមមានក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកិច្ចការនារី និងក្រសួងអប់រំ។ ជាមួយនោះសម្ដេចតេជោ ក៏បានជម្រាបជូនពាក់ព័ន្ធនឹងករណីនេះ ដែលប្រព័ន្ធអង្គការសហប្រជាជាតិ ស្នើដើម្បីធ្វើយ៉ាងណាឲ្យបង្កើននូវថវិកាជាតិ និងពង្រឹងសមត្ថភាព សម្រាប់ការងារទិន្នន័យ សម្រាប់ការអភិវឌ្ឍនេះ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល បានធ្វើការបកស្រាយថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានជំរុញបានផ្ដល់ថវិកា បានបង្កើនថវិកាជាតិជាប្រចាំហើយ ឯកភាពនឹងបង្កើនថវិកាថែមទៀត សម្រាប់ការងារទិន្នន័យសម្រាប់ការអភិវឌ្ឍនេះ។
ដោយឡែកពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាព សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើការ ណែនាំធ្វើ យ៉ាងណាឲ្យមានការ ជំរុញឲ្យមានការសិក្សានៅថ្នាក់បរិញ្ញាបត្រ ក៏ដូចជាបរិញ្ញាបត្រជាន់ខ្ពស់ផងដែរ ពាក់ព័ន្ធនឹងវិស័យនេះ ហើយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានណែនាំផងដែរទៅដល់សាកលវិទ្យាល័យនានា ដើម្បីជំរុញការអប់រំរហូតដល់ថ្នាក់បរិញ្ញា និងបរិញ្ញាបត្រជាន់ខ្ពស់ ពាក់ព័ន្ធនឹងកម្មវិធីទិន្នន័យសម្រាប់ការអប់រំនេះ។
ចំណុចទី៣ ពាក់ព័ន្ធនឹងការចូលប្រជុំរាយការណ៍របាយការណ៍ថ្នាក់ជាតិស្ម័គ្រចិត្ត លើការអនុវត្តគោលដៅ អភិវឌ្ឍន៍ដោយចីរភាពនេះ ប្រព័ន្ធអង្គការសហប្រជាជាតិ បានស្នើឲ្យកម្ពុជាចូលរួមក្នុង កិច្ចប្រជុំនៅទី ក្រុងញូយ៉ក នៅខែកក្កដាខាងមុខនេះ ហើយឲ្យមានការគាំទ្រ ការចូលរួមអំពីស្ថាប័នពាក់ព័ន្ធទាំងអស់។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រសួងផែនការធ្វើការបកស្រាយ ហើយសម្ដេចបានបន្ថែមផងដែរថា កម្ពុជាបានត្រៀមខ្លួនចូលប្រជុំនៅខែកក្កដាខាងមុខនេះ ហើយដោយឡែកសុំការគាំទ្រ ឲ្យមានការចូលរួមពីស្ថាប័នពាក់ព័ន្ធនោះ សម្ដេចបានឆ្លើយតបថា សព្វថ្ងៃនេះរាល់ការងារទាំងអស់ គឺមានការសម្របសម្រួលគ្នាហើយ ក៏មានការចូលរួមជាពិសេសអំពី ឧត្តមក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍ និងគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចជាតិ៕