ភ្នំពេញ ៖ ហេតុការណ៍មួយបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ គឺមានជនសង្ស័យ ម្នាក់ជាគ្រូពេទ្យ បានសារភាពប្រាប់សមត្ថកិច្ចថា ពិតជាបានរំលោភលើ នារីរងគ្រោះពិតប្រាកដមែន ខណៈដែលនាង កំពុងដេកមិនដាក់គន្លឹះទ្វារ ហើយត្រូវម្តាយនារីរងគ្រោះមកទាន់ ទាញទ្វារបិទ ស្រែកឆោឡោ ផ្អើលអស់អ្នកស្រុក។
ជនសង្ស័យមានឈ្មោះ ម៉េត សាម៉ែន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅផ្ទះលេខ(២២) ២៣៤ ផ្លូវលេខ៤៦៧ K១៤ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ចំណែកនារីរងគ្រោះឈ្មោះ គ ម ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នារីរងគ្រោះកំពុងដេកនៅក្នុងបន្ទប់ មានបាំងដោយវាំងននក្នុងផ្ទះ ដោយបានបិទទ្វារ តែមិនចាក់គន្លឹះនោះទេ។ លុះដល់វេលា ម៉ោង២១និង៤០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នារីរងគ្រោះបានឮសំឡេងបើកទ្វារ ពេលនោះនាងក៏ដើរទៅមើល ស្រាប់តែជនសង្ស័យ ស្ទុះមកឱបថើប និងធ្វើសកម្មភាពរំលោភរហូតបានសម្រេច ស្រាប់តែម្តាយនារីរងគ្រោះមកទាន់ បានបិទទ្វារជាប់ និងស្រែកឆោឡោផ្អើលអ្នកជិតខាង ។ ម្តាយនារីនោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពេលទទួលបាន ពាក្យប្តឹងភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនគ្រូពេទ្យ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ដើម្បីធ្វើការសាកសួរ និងបានដកហូតវត្ថុតាងដូចជា ថ្នាំពេទ្យម៉ាក OMEPRIM មួយបន្ទះ ២កំណាត់ និងទូរស័ព្ទចំនួន១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភ នារីរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យ ត្រូវបាននាំយកទៅ អធិការដ្ឋាននគរបាលបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ប្រភពReporter