ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ដែលនឹងក្លាយជាកូនកំលោះឆាប់ៗខាងមុខនេះ បែរជាស្លាប់ បន្ទាប់ពីចេញពីកម្មវិធីភ្ជាប់ពាក្យខ្លួន ហើយនាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ ជាអកុសលត្រូវរន្ទះបាញ់ស្លាប់ ចោលកូនក្រមុំវ័យក្មេងឲ្យនៅមេម៉ាយខាន់ស្លា ។ហេតុការណ៍ជួបគ្រោះធម្មជាតិ(រន្ទះបាញ់) បណ្តាលឲ្យស្លាប់កូនកំលោះនេះ បង្កការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញ នៅតាមបណ្តោយទំនប់ខ្នងប្រឡាយមួយខ្សែ កណ្តាលវាលស្រែ ស្ថិតនៅក្នុងភូមិកោះឈើទាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោក អុំ ចំរើន អធិការនគរបាលស្រុកបសេដ្ឋ បានអោយដឹងថា ជនរងគ្រោះ (កូនកំលោះទើបភ្ជាប់ពាក្យរួច)មានឈ្មោះ ស៊ិន ហៀង អាយុ២៧ឆ្នាំ ជាកម្មកររោងចក្រ រស់នៅក្នុងភូមិអូរត្នោត ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកកូនក្រមុំ មានឈ្មោះ សសគ អាយុ២០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ។
លោកអធិការ បន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានធ្វើពិធីស្តីដណ្តឹង នៅផ្ទះខាងស្រីក្នុងភូមិ ឃុំខាងលើ ដោយមានភ្ញៀវចូលរួម មានចាស់ទុំដឹងឮទាំងសងខាង ។ ពេលរួចរាល់ចប់កម្មវិធីហើយ អនាគតកូនកំលោះក៏នាំគ្នាធ្វើដំណើរត្រឡប់មកផ្ទះវិញ ដោយបុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១៧ ដោយមានឈ្មោះប៊ឺត ជីវន្ត័ ជាអ្នកឌុប ហើយឈ្មោះ សាន់ ផៃ ជាអ្នកអង្គុយកណ្តាល បុរសរងគ្រោះនៅក្រោយ ស្រាប់តែធ្វើដំណើរតាមខ្នងប្រឡាយកណ្តាលវាលស្រែ មេឃខ្មៅរកកល់ភ្លៀងលាយឡំជាមួយខ្យល់ផងនោះ ស្រាប់តែមានរន្ទះ បាញ់មកចំបុរសរងគ្រោះ បណ្តាលឲ្យស្លាប់តែម្តង ចំណែកយុវជន២នាក់រួមដំណើរជាមួយ មិនមានរបួសអ្វីឡើយ ។
ភ្លាមៗនោះ ក៏មានការភ្ជាក់ផ្អើលដល់អ្នកធ្វើដំណើរ និងសាច់ញាតិមកចោមរោម និងរាយការណ៍ ជូនសមត្ថកិច្ច ចុះពិនិត្យ នៅកន្លែងកើតហេតុ ។ក្រោយធ្វើការត្រួតពិនិត្យ សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា ពិតជាស្លាប់ដោយសារតែគ្រោះធម្មជាតិរន្ទះបាញ់ពិតប្រាកដមែន ហើយបានប្រគល់សព ទៅអោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ទុកអោយកូនក្រមុំនៅមេម៉ាយខាន់ស្លា ៕ប្រភពកូនខ្លា