ភ្នំពេញ ៖ ប្រជាពលរដ្ឋ៨គ្រួសារ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃ រយៈ ពេលជាង១០ឆ្នាំ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាមួយលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិច ដ៏មានឥទ្ធិពលបានផ្ទុះការតវ៉ាជាថ្មីម្តងទៀតហើយ កាលពីព្រឹកថ្ងៃទី០៧ ឧសភា ២០១៩នេះ ខណៈដែលក្រុមហ៊ុនផានអុីម៉ិចនេះ បានធ្វើសកម្មភាពបូមខ្សាច់ ចាក់បចាក់បំពេញដីដែលមានទំនាស់ដែលតុលាការ បានចេញដីការក្សាការពាររួចហើយនោះ ។
ប្រជាពលរដ្ឋបានលើកដៃសំពះពីចម្ងាយ ស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត មេត្តាជួយអន្តរាគមន៍ក្នុងរឿងនេះ ដោយជួយផ្តល់យុត្តិធម៌ជូនពួកគាត់ ដែលកំពុងរងគ្រោះនូវអំពើអយុត្តិធម៌ផង ។
លោក រៀល ណារិទ្ធ តំណាងប្រជាពលរដ្ឋ៨គ្រួសារបានអះអាងប្រាប់អ្នកសារព័ត៌មានយើងថា ដីធ្លីនេះ ប្រជាពលរដ្ឋទាំង៨គ្រួសារបានទទួលពីក្រុមសាមគ្គី សរុបទំហំ៤ហិកតា ដោយក្នុងមួយគ្រួសារទទួលបានប្រហែល៤៤៤០ម៉ែត្រការ៉េ និងបានធ្វើការកាន់កាប់ដោយសុចរិត ក្នុងឆន្ទះជាម្ចាស់ដីតាំងពីកំឡុងឆ្នាំ ១៩៩៥មកម្ល៉េះ ៕