ចង់រៀបការប្តីថ្មី គំរាមសម្លាប់ខ្លួន បង្ខំឲ្យប្តីចាស់ផ្តិតមេដៃលែងលះ

0
751

ខេត្តកំពត ៖ បុរសបានរួមរស់ជាមួយប្រពន្ធអស់រយៈ
ពេល៤ឆ្នាំមកហើយ និងថែមទាំងមានកូនស្រីម្នាក់ទៀតផង ស្រាប់តែប្រពន្ធបែកគំនិតគំរាមសម្លាប់ខ្លួនឯង ដើម្បីបង្ខំឱ្យគាត់ព្រមផ្តិតមេដៃលែងលះ ស្រាប់តែចុងក្រោយ មិនបានប៉ុន្មានផង ក៏ត្រៀមចូលរោងការជាមួយប្រុសថ្មីទៅវិញ។

បុរសអភ័ព្វខាងលើ មានឈ្មោះអិន ភាព អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិកោះស្នូក ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះព្រំ ប៉ោ មានស្រុកកំណើតនៅភូមិស្វាយ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច។

លោកអិន ភាព បានរៀបរាប់ប្រាប់ថា រវាងគាត់ និងស្ត្រីឈ្មោះព្រំ ប៉ោ បានរៀបការនឹងគ្នាត្រឹមត្រូវតាមច្បាប់ តាំងពីឆ្នាំ២០១៥ មកម៉្លេះ ដោយគិតមកដល់សព្វថ្ងៃ បង្កើតបានកូនស្រីម្នាក់ ជាចំណងនិស្ស័យ។ ក្រោយមក លោកជាប្តីក៏ចេញទៅធ្វើការនៅភ្នំពេញ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ ដោយទុកប្រពន្ធឱ្យរស់នៅជាមួយម្តាយរបស់គាត់នៅស្រុកកំណើត តែក្រោយមក ប្រពន្ធក៏បានតាមមកធ្វើរោងចក្រនៅភ្នំពេញ ដែរ។ លុះមកដល់ឆ្នាំ២០១៨ លោក បានឈប់ពីការងារសន្តិសុខ នៅហាងម៉ាស្សា១ កន្លែង ក្នុងរាជធានីភ្នំពេញ បានរស់នៅជាមួយ ប្រពន្ធដែលធ្វើការនៅរោងចក្រ សេ៧ភ្នំពេញ។

លោកអិន ភាព បានឱ្យដឹងទៀតថា កាលដែលលោកមករស់នៅជាមួយប្រពន្ធជាប់ លាប់ រូបលោកមិនមានសេចក្តីសុខក្នុងគ្រួសារ ឡើយ ដោយសារប្រពន្ធចាប់ផ្តើមប្រែប្រួលចិត្ត ផ្លាស់ប្តូរអត្តចរិត បែរជារករឿងជេរប្រមាថលាកជាប្តីសព្វគ្រប់បែបយ៉ាង។ រហូតមកដល់ចុងឆ្នាំ២០១៨ ប្រពន្ធនេះបានបង្ខំលោកឱ្យផ្តិតមេដៃលែងលះគ្នា ហើយបើលោកជាប្តីមិនព្រមផ្តិតឱ្យនាងទេ នាង នឹងសម្លាប់ខ្លួន។ ចំណែកលោកដោយមិនចង់ឱ្យប្រពន្ធស្លាប់ ខ្លាចកូនស្រីរស់នៅកំព្រា អាណិតកូន ទើបយល់ព្រមផ្តិតមេដៃឱ្យប្រពន្ធនៅសាលាឃុំ សិនទៅ ហើយស្របពេលដែលមានការបង្ខំពីអាជ្ញាធរឃុំផងនោះ។ ពេលនោះដែរ លោកស្រីអាន់ មេឃុំបឹងសាលាខាងជើង ថា ជួយធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ ស្រាប់តែមិនទាន់បានប៉ុន្មានខែផង បែរជាប្រពន្ធរបស់លោក គឺនាងព្រំ ប៉ោ បានល្អូកល្អឺនជាមួយប្រុសស្នេហ៍ថ្មី រហូតដល់បោះធៀបការអញ្ជើញភ្ញៀវការផ្អើលពេញភូមិ ដោយពួកគេគ្រោងនឹងរៀបការនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ នៅផ្ទះខាងស្រី ដែលជា ហេតុធ្វើឱ្យលោកជាប្តីកើតទុក្ខមិនសុខចិត្ត មិនគួរណាលោកស្រីអាន់ អនុញ្ញាតច្បាប់ឱ្យនាងព្រំ ប៉ោ រៀបចំគម្រោងរៀបអាពាហ៍ពិពាហ៍ប្តីថ្មីទៅវិញ។

ពាក់ព័ន្ធករណីខាងលើនេះដែរ លោកស្រីអាន់ មេឃុំបឹងសាលាខាងជើង បានបដិសេធតាមទូរស័ព្ទថា ពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ របស់នាងព្រំ ប៉ោ ដែលរៀបការប្តីថ្មីនោះ ក្នុងនាមលោកជាអាជ្ញាធរឃុំ លោកស្រីមិនបានចេញលិខិតអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ នោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here