ក្នុងជំនួបជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នាព្រឹកថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៩ លោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក បានបង្ហាញពីផែនការវិនិយោគរបស់ក្រុមហ៊ុនក្នុងការកែច្នៃវេចខ្ចប់ ពិសេសការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មពីចំណុចផ្តើម រហូតដល់ការនាំចេញតែម្តង ហើយអ្វីដែលសំខាន់នោះ ការធ្វើពាណិជ្ជកម្មនិងទីផ្សារកសិផលគឺតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលអាចកាត់បន្ថយពេលវេលាការចំណាយនិងបង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។
លោកប្រធានក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ក្រុមហ៊ុនបានរៀបចំដីជាង ២ពាន់ហិកតា នៅខេត្តកំពង់ធំសម្រាប់ធ្វើការដាំដុះ កែច្នៃនិងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម ហើយគម្រោងនេះក៏ទទួលបានការសហការគាំទ្រពីក្រសួងកសិកម្មនិងកិច្ចការជនបទនៃប្រទេសចិនផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តម វេង សាខុន បានលើកឡើងឱ្យដឹងថា ចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ដោយភាគីចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងការផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសមកដល់កម្ពុជា។ មួយវិញទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម ភាគីចិនក៏បាននឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយភាគីកម្ពុជាផងដែរ ដោយភាគីចិន បានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជា រហូតដល់ ៤០០ពាន់តោន និងថ្មីៗនេះ បានអនុញ្ញាតឱ្យចេកអំបូងលឿងកម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិនហើយសង្ឃឹមថាផលិតផលកសិកម្មមួយចំនួនទៀតដូចជាស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកានាគ ផ្លែដូង និងទឹកមាត់ត្រចៀកកាំ ដែលភាគីទាំងពីរកំពុងធ្វើការចរចាអំពីលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ទន្ទឹមនឹងនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិន មកលើវិស័យកសិកម្មនៅកម្ពុជា ក៏បាននឹងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដូច្នេះលោកបានគាំទ្រ និងស្វាគមន៍ចំពោះបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់វត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ៕ ប្រភពប្រជាប្រិយ