កណ្ដាល៖ នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ភរិយាមន្ដ្រីនគរបាលម្នាក់ នៅស្រុកល្វាឯម ខេត្តកណ្ដាល បានយកកាំភ្លើងរបស់ប្ដីបាញ់សម្លាប់ខ្លួន ព្រោះតូចចិត្តមានជំងឺប្រចាំការព្យាបាលមិនជា បន្សល់ទុកកូនតូចៗ ចំនួន៣នាក់ឲ្យនៅកំព្រា ។
អំពើអត្តឃាតនេះ បានកើតឡើងនៅចំណុចកំពង់ទឹកទន្លេ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
បើតាមលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ស្ដ្រីរងគ្រោះដែលយកកាំភ្លើងរបស់ប្ដីបាញ់សម្លាប់ខ្លួននោះឈ្មោះ ណុប វណ្ណី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ដោយឡែកប្តីឈ្មោះ អ៊ុក ជីវ៉ា អាយុ៤៣ឆ្នាំ មុខរបរនគរបាល ឋានៈនាយផ្នែកការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្តោប្រវេសន៍។
លោកឧត្តមសេនីយ៍ស្នងការ បានរៀបរាប់ថា មុនពេលកើតហេតុជនរងគ្រោះ បានទៅងូតទឹកលេងនៅទន្លេមេគង្គ ចំណុចកោះខ្សាច់ជាមួយប្តី និងកូនចំនួន ០៣នាក់ (ស្រី០២)នាក់ និងក្មួយស្រីចំនួន ០២នាក់។ ពេលចុះងូតទឹកទន្លេជនរងគ្រោះមិនបានចុះងូតទេ គឺសម្រាកក្នុងរថយន្ត លុះដល់ម៉ោងកើតហេតុខាងលើ ប្តីជនរងគ្រោះបានឡើងមកពីងូតទឹកវិញ មកដល់រថយន្តបានឃើញប្រពន្ធដេកហើយមានឈាមហូរ និងស្នាមគ្រាប់កាំភ្លើងលើសៀតផ្កាខាងស្តាំ ដោយមានគ្រាប់កាំភ្លើងបៀមជាប់ចំណុចថ្ងាស។
ភ្លាមនោះប្តីជនរងគ្រោះបានដឹកប្រពន្ធមកផ្ទះ ហើយបានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍អរិយក្សត្រ។
តាមការស្តាប់ចម្លើយបំភ្លឺ របស់ប្អូនស្រីបង្កើតរបស់អ្នករងគ្រោះ ណុប ស្រីរ័ត្ន បានអះអាងថា ជនរងគ្រោះមានជំងឺវះក និងដោយភាពរ៉ាំរៃនៃជំងឺពិបាកទ្រាំ និងចង់សម្លាប់ខ្លួនជាច្រើនលើកមកហើយ។
តាមចម្លើយបំភ្លឺរបស់ឈ្មោះ ហ៊ឹម មាន អាចារ្យវត្តអរិយក្សត្រ អះអាងថា ជនរងគ្រោះប្រាកដជាមានជំងឺរ៉ាំរៃ ធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យ និងប្រហែលកន្លះខែមុន មានបំណងចងក និងលេបថ្នាំសម្លាប់ខ្លួន។
យ៉ាងណាក៏ដោយ សម្រាប់ការធ្វើអត្ដឃាតដោយខ្លួនឯងនេះ ស្ដ្រីរងគ្រោះក៏បានបន្សល់ទុកនូវសំបុត្រចំនួន៣សន្លឹក ដែលរៀបរាប់អំពីស្ថានភាពជំងឺរបស់ខ្លួន និងទុក្ខលំបាកនៅពេលជំងឺធ្វើទុកម្ដងៗ។ បច្ចុប្បន្នក្រោយពិនិត្យចប់សព្វគ្រប់ សពស្ដ្រីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕